កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសួរសុខទុក្ខគ្រួសារកសិករចិញ្ចឹមជ្រូកក្នុងភូមិសោយនិងភូមិកំពូលសេរី ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនិងមន្ត្រីប្រចាំការ ក្នុងតំបន់ប្រកាសផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្តត្បូង ឃ្មុំ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ លោកអភិបាលស្រុកអូររាំងឪ និងមានការចូលរួមពីក្រមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋចិញ្ចឹមជ្រូកសរុបប្រមាណ ៧០នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ សែន និងសម្តេចកិត្តិបណ្ឌិតនិងការចូលរួមសោកស្តាយនូវការខាតបង់ថវិកាដោយបុព្វហេតុនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកំពុងកើតមានលើសត្វជ្រូកមួយចំនួនរបស់កសិករយើងក្នុងតំបន់នេះ ក៏ដូចជាតំបន់ក្នុងខេត្តមួយ ចំនួនទៀត។ សម្តេចទាំងពីរ តែងនឹកគិតគ្រប់ពេលវេលាដល់សុខទុក្ខប្រជាពលរដ្ឋជាពិសេសថ្មីៗនេះ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ សម្តេច បានណែនាំឲ្យខិតខំចាត់វិធានការ ដើម្បីទប់ស្កាត់ការឆ្លងពីសត្វទីសត្វនិងពីសត្វទៅមនុស្សឲ្យបានមុឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលឆាប់រហ័ស ពីសត្វទៅសត្វនិងផ្តល់លទ្ធភាពជូនប្រជាកសិករយើង អាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមយ៉ាងត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនិងការយកចិត្តទុកដាក់ខ្ពស់នោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជូនមន្ត្រីជំនាញនិងឧបករណ៍វិភាគរកមេរោគ មកដល់ទីតាំងតែម្តង។ ក្នុងករណីរកឃើញសត្វណាដែលមានផ្ទុកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក មន្ត្រីជំនាញនឹងចាត់វិធានបសុព្យាបាលតែ ម្តង។ ការងារនេះ ទាមទារការចូលរួមពេញទំហឹង ដោយការ ទទួលខុសត្រូវពីបងប្អូនប្រជាកសិករចិញ្ចឹមជ្រូក អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ រហូតដល់តំបន់របស់យើងនេះ ត្រូវបានប្រកាសថា មិនមានវត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀតទេ ទើបយើងអាចដំណើរការចិញ្ចឹមឡើងវិញបាន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនប្រជា កសិករដែលនឹងបន្តចិញ្ចឹមជ្រូកជាថ្មី ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដូចជា ត្រូវកសាងទ្រុងនៅឲ្យឆ្ងាយពីប្រភពចម្លងមេរោគ ត្រូវធ្វើអនាម័យទ្រុងនិងជុំវិញទ្រុង បាញ់ថ្នាំរម្ងាប់មេរោគជាប្រចាំ ត្រូវចាក់វ៉ាក់សាំងការពារជំងឺសត្វគ្រប់ប្រភេទ មិនត្រូវផ្តល់ចំណីដែលមានប្រភពមកពីកាកសំណល់ផ្ទះបាយ មិនត្រូវឲ្យមនុស្សក្រៅពីម្ចាស់ចេញ ចូលក្បែរទ្រុងជ្រូកនោះទេ ជាពិសេសការយកពូជជ្រូកដែលមានសុខភាពល្អ ឆាប់ធំ សាច់ច្រើនមកចិញ្ចឹម។