នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលសមាជិក សមាជិកា សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងដាំដំឡូងមី ពូជKU៥០ សម្រាប់ធ្វើជាពូជដែលគ្មានជំងឺលក់ជូនកសិករដាំនៅរដូវបន្ទាប់។ ឯកឧត្តម មានប្រសាសន៍ថា ពូជនេះ ត្រូវបានអគ្គនាយកដ្ឋានកសិកម្ម ទំនាក់ទំនងសុំពីវិទ្យាស្ថានស្រាវជ្រាវពូជដំឡូងមីរបស់ប្រទេសថៃ ហើយមិនមានរោគសញ្ញានៃជំងឺនោះទេ។ ដូច្នេះសុំឲ្យសហគមន៍ ធ្វើការថែទាំឲ្យបានល្អ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករយើងនៅឆ្នាំបន្ទាប់ និងធ្វើការកត់ត្រា តាមដានឲ្យបានហ្មត់ចត់។ បច្ចុប្បន្ន ដំឡូងមីដែលកសិករដាំមួយចំនួន កំពុងរងនូវជំងឺម៉ូសាអ៊ិច ដែលមិនមានថ្នាំព្យាបាល ហើយអាចធ្វើឲ្យទិន្នផល ថយចុះយ៉ាងខ្លាំង ដែលជាការព្រួយបារម្មណ៍របស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពូជ ជាកត្តាកំណត់ទិន្នផលនៃដំណាំ។
ការដាំពូជ KU៥០ សាកល្បងនេះ ធ្វើឡើងលើផ្ទៃដី ០,៨២ហិកតា ដោយដាំចន្លោះរង ១ម៉ែត្រ ចន្លោះគុម្ព ០,៦ម ភ្ជាប់ជាមួយប្រព័ន្ធស្រោចស្រពទុយោតំណក់និង បញ្ចូលជីតាមទុយោតំណក់តែម្តង។