អនុវត្តតាមប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការចង្អុលណែនាំបន្ថែមនិងបន្ទាន់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោកអនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាលខេត្ត និងការិយាល័យកសិកម្មស្រុកអូររាំងឪ សហការជាមួយលោកអភិបាលស្រុកអូររាំងឪនិងសហការី ចុះផ្សព្វផ្សាយពិនិត្យ តាមដានស្ថានភាពសុខភាពសត្វជ្រូករបស់កសិករក្នុងតំបន់ផ្ទុះជំងឺ(ភូមិកំពូលសេរី និងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ) និងស្រាវជ្រាវប្រភពនិងមូលហេតុបង្កឲ្យមានជំងឺ។
ចំពោះមុខនេះ ក្រុមការងារ បានណែនាំឲ្យ៖
១-មន្ត្រីបសុព្យាបាល សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ឲ្យបានទូលំទូលាយប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
២-មន្ត្រីបសុព្យាបាល សហការជាមួយកម្លាំងប្រដាប់អាវុធស្រុកអូររាំងឪ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមាន ទប់ស្កាត់ មិនអនុញ្ញាតឲ្យមានការការទិញ លក់ ដឹកជញ្ជូន ចរាចរសត្វខាងក្នុងនិងឆ្លងកាត់តំបន់ផ្ទុះជំងឺ ។
៣-មន្ត្រីបសុព្យាបាល សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ស្រង់ស្ថិតិឲ្យបានច្បាស់ចំនួនគ្រួសារកសិករមានចិញ្ចឹមជ្រូក ចំនួនជ្រូកកំពុងមានវត្តមានក្នុងទ្រុង ស្ថានភាពសុខភាពសត្វ ទាំងក្នុងតំបន់ផ្ទុះជំងឺនិងតំបន់ក្នុងរង្វង់កាំ៣គីឡូម៉ែត្រនិង ១០គីឡូម៉ែត្រ។
៤-មន្ត្រីបសុព្យាបាល ចាត់កម្លាំងចុះបន្ទាន់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សហការជាមួយអាជ្ញាធរមូលដ្ឋាន បាញ់ថ្នាំរម្ងាប់មេរោគ ក្នុងភូមិទាំងពីរនិងភូមិជិតខាង ភ្ជាប់ជាមួយការអប់រំ ផ្សព្វផ្សាយពីគុណវិបត្តិនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ប្រជាពលរដ្ឋដែលបានជួប។