នៅរសៀលថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំករុ ឯកស័ក ប.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការីបានអញ្ជើញដាំដំឡូងមីនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដែលមានទីតាំងស្ថិតនៅភូមិចម្កាលើ ឃុំបុសខ្មុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្នុងគោលបំណងចង់បង្ហាញដល់ប្រជាកសិករ ម្ចាស់ចម្ការ និងក្រុមហ៊ុមដែលដាំដំឡូងមីឲ្យយកចិត្តទុកដាក់អំពីពូជ ព្រោះថាបើមានការជ្រើសរើសពូជបានល្អ នោះវានឹងផ្តល់ប្រយោជន៍សំខាន់ពីរយ៉ាងគឺ ទី១. ពូជល្អទិន្នផលកើនឡើង និងទី២.ពូជល្អគឺមានន័យថា គ្មានជំងឺឆ្លង ហើយក៏ចង់ជំរុញនិងគាំទ្រឲ្យអគ្គនាយកដ្ឋានកសិកម្មផលិតពូជដំឡូងមីមានគុណភាព មានផលិតភាពផលិតកម្មខ្ពស់ និងគ្មានជំងឺឆ្លងដើម្បីផ្សព្វផ្សាយពូជនេះជូនប្រជាកសិករនៅជុំវិញតំបន់នេះយកទៅធ្វើការដាំដុះ និងបន្តពង្រីកពូជដំឡូងមីឲ្យបានទូលំទូលាយទូទាំងប្រទេសឈានទៅកាត់បន្ថយបរិមាណពូជនាំចូល និងជាពិសេសកាត់បន្ថយហានីភ័យនៃជំងឺឆ្លងដំឡូងមីម៉ូសាអ៊ិច។
កន្លងមក អគ្គនាយកដ្ឋានកសិកម្ម បានទិញពូជដំឡូងមីប្រភេទពូជ ៨១និងពូជ ៨៩ ចំនួន ៦ម៉ឺនដើម មកពីប្រទេសថៃ ជាប្រភេទពូជដំឡូងមីដែលគ្មានជំងឺ និងបានដាំលើផ្ទៃដីប្រមាណ ៦ហត សម្រាប់សាកពិសោធន៍អំពីគុណភាពនិងភាពបន្សាំទៅនឹងជំងឺ សម្រាប់ធ្វើការផ្សព្វផ្សាយដាំបន្ត។ ក្រៅពីនេះ តាមរយ:កិច្ចសហប្រតិបត្តិការ TTDI អគ្គ នាយកដ្ឋានកសិកម្ម បានទទួលដើមពូជដំឡូងមីស្អាតគ្មានជំងឺពី TTDI នូវពូជ KU 50 ចំនួន ២៥.០០០ ដើម ត្រូវជា ១.២៥០បាច់ សម្រាប់ធ្វើការដាំដុះពង្រីកពូជនៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ហើយនឹងចែកជូនដើមពូជដំឡូងមីទាំងនេះដល់កសិករដាំដុះបន្តនៅរដូវក្រោយ។
ដោយយល់ឃើញពីសក្តានុពលទីផ្សារនៃដំណាំកសិឧស្សាហកម្ម (ដំឡូងមី) របស់កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយនឹងអង្គការ CIAT, FAO និង CAVAC ដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្លងរាតត្បាតម៉ូសាអ៊ិច នេះ ដែលវិធានការសំខាន់ៗទាំងនោះរួមមាន ៖
១-ត្រួតពិនិត្យ SPS ទៅលើពូជដំឡូងមីនាំចូល និងការចល័តពូជ
២-ជ្រើសរើសពូជដែលធន់នឹងជំងឺនេះមកដាំ ពូជដែលយកមកដាំជាពូជមានសុខភាពល្អ និងមានប្រភពច្បាស់លាស់ មិនត្រូវរក្សាពូជពីចម្ការដែលមានជំងឺនេះមកដាំ នៅរដូវក្រោយឡើយ
៣-ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំបើសិន ឃើញរោគសញ្ញាជំងឺនេះ ត្រូវដកយកដើមដែលមានជំងឺទៅដុតចោល និងចាត់វិធាន ការកម្ចាត់រុយសដែលជាភ្នាក់ងារចម្លងជំងឺ
៤-ត្រូវរៀបចំដីឲ្យបានស្អាតល្អមុនពេលដាំ និងត្រូវប្រើប្រាស់ជីឲ្យត្រឹមត្រូវតាមបច្ចេកទេស
៥-ក្រោយពេលប្រមូលផល ត្រូវសម្អាតកាកសំណល់ដំឡូង និងស្មៅចង្រៃដោយយកទៅដុតចោល ហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុស សម្រាប់ការដាំដុះនៅរដូវក្រោយ
៦-ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជំងឺ គួរដាំដំណាំផ្សេងជំនួសនៅរដូវបន្ទាប់សិន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ពូជដំឡូងមី KU50 ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្រាប់ដាំសាកល្បងលើផ្ទៃដី មួយហិកតា ហើយមន្ទីរ បានសហការជាមួយសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ រៀបចំការដាំដុះ ដោយមានការសម្របសម្រួលបច្ចេកទេសពីមន្ត្រីជំនាញមន្ទីរ។
ក្នុងគ្រានោះដែរលោកប្រធានមន្ទីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ដែលផ្តល់ឱកាសឲ្យមន្ទីរនិងសហគមន៍កសិកម្ម បានចូលរួមសាកពិសោធន៍ពូជដំឡូងមីនេះ។