នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយការិយាល័យកសិកម្មស្រុកអូររាំងឪ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ចុះបាញ់ថ្នាំរម្ងាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ ៤១គ្រួសារ នៅភូមិកំពូលសេរី សោយ និងភូមិថ្មប្រជុំ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោក សេង ថា ប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ បានរៀបរាប់ថា នភូមិទាំងបី មានចិញ្ចឹមជ្រូក ៤៥ទ្រុង ស្មើ ៤១១ក្បាល។ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩មកនេះ មានជ្រូកមេងាប់ ៣ក្បាល ជ្រូកសាច់ងាប់ ៣ក្បាល ដែលតាមការសន្និដ្ឋានទៅលើរោគសញ្ញាលើជ្រូកដែលងាប់ ជ្រូកមេងាប់ដោយសារ ងាប់កូនក្នុងពោះ ចំណែកជ្រូកសាច់ ឈឺងាប់ដោយសាររលាកប្រព័ន្ធរំលាយអាហារនិងប៉ារ៉ាស៊ីត។ តាមការតាមដានរបស់មន្ត្រីបសុព្យាបាលស្រុកនិងភ្នាក់ងារសុខភាពសត្វភូមិ ជ្រូកងាប់នៅទីកន្លែងផ្សេងគ្នា មិនមានលក្ខណៈរាលដាល ហើយជ្រូកនៅក្បែរនោះ ក៏មិនងាប់តាមគ្នានោះដែរ។
មុនពេលចាប់ផ្តើមបាញ់ថ្នាំរម្ងាប់មេរោគ លោក សេង សោភា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានជម្រាបដល់បងប្អូនប្រជាកសិករថា ជីវសុវត្ថិភាពមានសារៈសំខាន់ណាស់ក្នុងដំណើរការចិញ្ចឹមសត្វ ទប់ស្កាត់ ការឆ្លងជំងឺ សម្លាប់ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយក្លិន ទីតាំងចិញ្ចឹមស្អាត ធ្វើឲ្យសត្វមានសុខភាពល្អ ធំធាត់លឿន។ បន្ថែមទៀតនោះ លោក សេង សោភា បានណែនាំកសិករចិញ្ចឹមជ្រូក ៖
-ត្រូវធ្វើអនាម័យទ្រុងជាប្រចាំ
-ត្រូវធ្វើប្រឡាយបង្ហូរកាកសំណល់ចេញ
-ត្រូវចាក់វ៉ាក់សាំងការពារជំងឺនិងទម្លាក់ប៉ារ៉ាស៊ីតជាប្រចាំ។
តាមរោគសញ្ញាជ្រូកដែលងាប់និងចរិកលក្ខណៈបណ្តាលឲ្យជ្រូកងាប់ មិនអាចសន្និដ្ឋានថា ជាជំងឺប៉េស្តជ្រូកអាហ្វ្រិក នោះទេ សូមបងប្អូនកុំទាន់មានការព្រួយបារម្មណ៍ តែត្រូវបន្តតាមដាន ថែទាំឲ្យបានល្អ ហើយរាយការណ៍បន្ទាន់មកមន្ត្រីបសុព្យាបាល មេឃុំ មេភូមិ ឬ ភ្នាក់ងារសុខភាពសត្វភូមិ ក្នុងករណីមានការសង្ស័យជាថ្មីណាមួយនោះ។