ដើម្បីបង្កើនការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាអោយមានប្រសិទ្ធភាព នៅថ្ងៃអង្គារ ៨រោ ខែជេស្ឋ ឆ្នាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារប្រតិភូអធិការកិច្ចក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយលោក ហ៊ឹម ថុងលីម ជាប្រធានប្រតិភូ និងមន្រ្តី០៣រូប ស្រី០២រូប មកធ្វើការត្រួតពិនិត្យ និងតាមដានលើការគ្រប់គ្រងវត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកខណ្ឌនិងថ្នាក់ដឹកនាំការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សរុបប្រមាណ ៣៥នាក់ ក្នុងនោះស្រី ១៤នាក់។ ក្នុងកិច្ចអធិការកិច្ចនេះផងដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូនិងក្រុមការងារអធិការកិច្ចទាំងអស់ ព្រមទាំងអនុញ្ញាតជូនក្រុមការងារអធិការកិច្ចដំណើរការងារត្រួតពិនិត្យវត្តមានមន្រ្តីរាជការ និងការសាកសួរព័ត៌មានមួយចំនួននៅតាមខណ្ឌនិងការិយាល័យជំនាញនីមួយៗ។ ក្នុងកិច្ចការអធិការកិច្ចនេះ ខណ្ឌនិងការិយាល័យទាំងអស់មានការសហការល្អ និងផ្តល់ព័ត៌ពាក់ព័ន្ធបានគ្រប់ជ្រុងជ្រោយ ជូនក្រុមការងារអធិការកិច្ច។ បន្ទាប់ពីបញ្ចប់ការងារត្រួតពិនិត្យរួច ក្រុមការងារអធិការកិច្ចក្រសួងមុខងារសាធារណៈ មានសំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចំនួន៣ចំណុច៖
១. ស្នើឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បិទផ្សាយពេលវេលាបំពេញការងារអោយច្បាស់លាស់
២. ស្នើសុំឱ្យមន្រ្តីមកបំពេញការងារអោយទាន់ពេលវេលា ដោយអនុវត្តតាមអនុក្រឹត្សលេខ៥៦ ឱ្យបានពេញលេញ
៣. ប្រសិនបើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវការវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក អាចស្នើរសុំមកតាមរយៈមន្ទីរមុខងារសាធារណៈខេត្តត្បូងឃ្មុំបាន។