នៅរសៀល ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯក ស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះជួបសំណេះសំណាលនិងណែនាំតម្រង់ទិសសហគមន៍កសិកម្មល្ងៀងមានជ័យ នៅភូមិថ្លុកពង្រ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ដែលមានសមាជិកសហគមន៍ចូលរួម ១៤នាក់ ក្នុងនោះស្រី ៥នាក់។
បន្ទាប់ពីបានស្តាប់លទ្ធផលសម្រេចបាននិងបញ្ហាប្រឈម ក្នុងការអនុវត្តកន្លងមករបស់សហគមន៍ លោកប្រធានមន្ទីរបានលើកឡើងពីគោលគំនិតមួយចំនួនសម្រាប់ពង្រឹងនិងអភិវឌ្ឍសហគមន៍ ដូចខាងក្រោម ៖
១-ក្រុមប្រឹក្សាភិបាលសហគមន៍ ត្រូវមានកម្មវិធីប្រជុំឲ្យបានទៀងទាត់ មានកំណត់ហេតុត្រឹមត្រូវ ដើម្បីបង្កើនសាមគ្គីភាពផ្ទៃក្នុង តម្លាភាព និងការទទួលខុសត្រូវ។
២-សហគមន៍ ត្រូវរៀបចំក្រុមផលិតកម្ម ទៅតាមធនធានដែលមាន ព្រមទាំងរៀបចំផែនការដាំដុះ ដែលធានានិរន្តរភាពការផ្គត់ផ្គង់ទៅលើទីផ្សារផ្សារភ្ជាប់ជាមួយស្តង់ដារសុវត្ថិភាព គុណភាព និងស្លាកសញ្ញាសម្គាល់ផលិតផល។ សមាជិកសហគមន៍ ត្រូវបង្កើនការជាវភាគហ៊ុនឲ្យបានច្រើន ដើម្បីពង្រីកមុខរបរក្នុងសហគមន៍ឲ្យបានធំ។
៣-ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ យើងត្រូវធ្វើការដាំដុះដោយប្រើប្រព័ន្ធដាំដុះនិងប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី ប្រើគម្របរងកៅស៊ូប្លាស្ទិច ផ្ទះសំណាញ់ ងាយស្រួលក្នុងការគ្រប់គ្រងកត្តាចង្រៃនិងកាត់បន្ថយលើការប្រើប្រាស់កម្លាំងពលកម្ម កាប្រើប្រាស់ទឹក ជី ខ្ជះខ្ជាយ។
៤-សហគមន៍ត្រូវផ្សារភ្ជាប់ជាមួយទីផ្សារ តាមផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើតការងារ បង្កើនចំណូល កាត់បន្ថយភាពកកស្ទះកសិផល។