សហគមន៍កសិកម្មគឺជាសហគ្រាសសេដ្ឋកិច្ចកសិកម្មនៅជនបទ
ចេញ​ផ្សាយ ២១ មិថុនា ២០១៩
117

នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពលទ្ធផលមុខជំនួញដែលសហគមន៍កសិកម្មសាមគ្គីកក់ សម្រេចបានក្នុងរយៈពេល១ឆមាសកន្លងមក នៅស្នាក់ការសហគមន៍ ភូមិគគីរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មសាមគ្គីកក់សរុបចំនួន១៨នាក់ ក្នុងនោះស្រី១នាក់។

តាមរយៈរបាយការណ៍ស្វាគមន៍របស់លោកប្រធានក្រុមប្រឹក្សាភិបាសហគមន៍កសិកម្មសាមគ្គីកក់ បានបង្ហាញថា ក្រោយពីបានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលសហគមន៍កសិកម្មសាមគ្គីកក់ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ សហគមន៍មានសមាជិកសរុប ៩៩នាក់ មានសមាជិកក្រុមប្រឹក្សាភិបាល ៥រូប (ស្រី ១រូប) និងគណៈកម្មាធិការត្រួតពិនិត្យ ៣រូប ដែលមានភាគហ៊ុនសរុប ២៨២ហ៊ុន ដែលក្នុងមួយភាគហ៊ុនតម្លៃ១០០,០០០រៀល សរុបទុនចំនួន ២៨,២០០,០០០រៀល។ សហគមន៍មានផ្ទៃដីដាំដុះដំណាំស្រូវ ១៣៩ហ.ត កៅស៊ូ ៥៧ហ.ត និងស្វាយចន្ទី ៣០ហ.ត ព្រមទាំងមានចិញ្ចឹមគោក្របីចំនួន ១៥៦ក្បាល មាន់១ ៦២៤ក្បាល និងទា ៤១២ក្បាល។ ក្នុងប្រតិបត្តិការមុខរបរផ្គត់ផ្គង់ជី ផ្គត់ផ្គង់ស្រូវពូជ និងកិនអង្ករលក់ រយៈពេល ៦ខែមកនេះ សហគមន៍ទទួលបានប្រាក់ចំណេញសរុប ២,៥១០,០០០រៀល។ នៅពេលខាងមុខ សហគមន៍មានគម្រោងពង្រីក និងបង្កើតមុខរបរបន្ថែមទៀតរួមមាន ១.ផលិតនិងផ្គង់ផ្គង់ស្រូវពូជទៅកាន់ទីផ្សារ ២.ចិញ្ចឹមមាន់ និងផ្គត់ផ្គង់សាច់មាន់ទៅកាន់ទីផ្សារ និង ៣.ដាំដុះនិងផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានសម្តែងការកោតសរសើដល់ថ្នាក់ដឹកនាំសហគមន៍ ដែលបានខិតខំប្រឹងប្រែង អាចរកបានប្រាក់ចំណេញសម្រាប់សហគមន៍បានយ៉ាងច្រើន ដែលខ្ញុំគិតថាលទ្ធផលនេះកើតចេញពី សាមគ្គីភាពផ្ទៃក្នុងល្អ ភាពស្មោះត្រង់ និងឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ ហើយបានផ្តល់អនុសាសន៍តម្រង់ទិសមួយចំនួន ដើម្បីឲ្យសហគមន៍កាន់តែរឹងមាំនិងដើរតួនាទីជាសហគ្រាសសេដ្ឋកិច្ចកសិកម្មនៅជនបទ ដូចតទៅ ៖

-ត្រូវបន្តមានសាមគ្គីភាពផ្ទៃក្នុង ភាពស្មោះត្រង់ និងមានការពិភាក្សាគ្នាឱ្យបានផុលផុស មុនការសម្រេចធ្វើកិច្ចការអ្វីមួយ។ ទាំងជួរថ្នាក់ដឹកនាំនិងសមាជិក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទ បញ្ជាផ្ទៃក្នុង សហគមន៍
-ត្រូវរៀបចំឱ្យមានរបបប្រជុំប្រចាំខែក្នុងជួរថ្នាក់នាំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យឱ្យបានទៀងទាត់ជារាងរាល់ខែ ជាពិសេសរាល់កិច្ចប្រជុំមានកំណត់ហេតុ និងរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំឱ្យបានជាប្រចាំ
-ត្រូវរៀបចំក្រុមផលិតកម្មនិងមុខរបរទៅតាមធន ធានដែលមានក្នុងសហគមន៍ឱ្យអស់ពីលទ្ធភាព និងត្រូវរៀបចំផែនការផលិតកម្មឱ្យបានច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទាំងប្រភេទ បរិមាណ គុណភាព និងស្តង់ដារកសិផល
-ត្រូវរៀចំឱ្យមានស្លាកសញ្ញាសម្គាល់លើផលិតផលរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងខេត្តយើង
-ត្រូវចូលរួមទិញភាគហ៊ុនបន្ថែម ដើម្បីពង្រីកទំហំមុខជំនួញឱ្យបានកាន់តែធំ ពិសេស។ ដៃគូរកស៊ីធំៗតាមរយៈ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ក្នុងវេលានោះដែរ លោកប្រធានមន្ទីរក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅស្ថិត ក្នុងមូលដ្ឋានឃុំកក់ ដែលមានមុខរបរចិញ្ចឹមគោ ជាលក្ខណៈគ្រួសារ ហើយលែងពាសវាលពាស កាលតាមទម្លាប់ ឱ្យងាកមកចិញ្ចឹមក្នុងទ្រុង ជាលក្ខណៈកសិដ្ឋានវិញ ហើយធ្វើការដាំដុះស្មៅសម្រាប់ជាចំណី។

ចំនួនអ្នកចូលទស្សនា
Flag Counter