នៅព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកមេឃុំទួលស្នួល លោកមេភូមិ និងសមាជិក សមាជិកា សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ សរុប ៦៥នាក់ ក្នុងនោះស្រី ១៦នាក់។
តាមរយៈរបាយការណ៍ស្វាគមន៍របស់លោកប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ក្តីសង្ឃឹមកសិករ បានបង្ហាញថា ក្រោយពីបានរៀបចំមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម ដើម្បីអនុម័តសមាជិកភាព លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងធ្វើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួត ពិនិត្យសហកមន៍កសិកម្មក្តីសង្ឃឹម កសិករ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កន្លងមក សហគមន៍កសិកម្ម ក្តី សង្ឃឹមកសិករមានសមាជិកសរុបចំនួន៥០នាក់ ក្នុងនោះស្រី ១៧នាក់ និងមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន៥រូប និងគណៈកម្មាធិការត្រួតពិនិត្យ៣រូប ស្រី១រូប ដែលមានភាគហ៊ុនចំនួន១៥៨ ហ៊ុន ដែលក្នុងមួយហ៊ុនតម្លៃ ១៥០, ០០០រៀល សរុបទុនមានចំនួន ២៣,៧០០,០០០រៀល។ សហគមន៍ មានផ្ទៃដីដាំដុះ ២៩០.៥០ហ.ត ក្នុងនោះដំណាំស្រូវ ១៨៩ហ.ត ដំឡូងមី ៤៧ ហ.ត ស្វាយចន្ទី ៣០ហ.ត បន្លែ ១២ហ.ត កៅស៊ូ ១០ហ.ត និងដំណាំម្រេច ២.៥ហ.ត ព្រមទាំងមានការចិញ្ចឹមគោក្របី ៥១ក្បាល និងមាន់ក្នុងស្រុក ៤៧១ក្បាល។ ក្នុងប្រតិបត្តិការមុខរបររយៈពេល ២ខែ មកនេះ សហគមន៍ ទទួលបានប្រាក់ចំណេញ ១,១០០,០០០រៀល។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានសម្តែងការកោតសរសើដល់ថ្នាក់ដឹកនាំសហគមន៍ ដែលក្នុងរយៈពេលខ្លីសោះ អាចរកបានប្រាក់ចំណេញសម្រាប់សហគមន៍បានយ៉ាងច្រើន ដែលជា លទ្ធផលកើតចេញពីសាមគ្គីភាពផ្ទៃក្នុងល្អ ភាពស្មោះត្រង់ និងឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំនិងសមាជិកសហគមន៍ ហើយលោកប្រធានមន្ទីរបានផ្តល់អនុសាសន៍តម្រង់ទិសមួយចំនួន ដើម្បីឲ្យសហគមន៍កាន់តែរឹងមាំនិងមានភាពជាម្ចាស់ ដូចតទៅ ៖
-ត្រូវបន្តមានសាមគ្គីភាពផ្ទៃក្នុង ភាពស្មោះត្រង់ និងមានការពិភាក្សាគ្នាឱ្យបានផុលផុស មុនការសម្រេចធ្វើកិច្ចការ អ្វីមួយ។ ទាំងជួរថ្នាក់ដឹកនាំនិងសមាជិក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងបទ បញ្ជាផ្ទៃក្នុង សហគមន៍កសិកម្ម។
-ត្រូវរៀបចំក្រុមផលិតកម្មនិងមុខរបរទៅតាមធន ធានដែលមានក្នុងសហគមន៍ឱ្យអស់ពីលទ្ធភាព និងត្រូវ រៀបចំ ផែនការផលិតកម្មឱ្យបានច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទាំងប្រភេទ បរិមាណ គុណភាព និងស្តង់ដារកសិផល។
-ត្រូវចូលរួមទិញភាគហ៊ុនបន្ថែម ដើម្បីពង្រីកមុខជំនួញឱ្យបានកាន់តែធំ ជាពិសេសចាប់ដៃគូរកស៊ីធំៗតាមរយៈ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ក្នុងវេលានោះដែរ លោកប្រធានមន្ទីរបានជំរុញឱ្យសហគមន៍កសិកម្ម ក៏ដូចជាប្រជាពលរដ្ឋទូទៅ ស្ថិតក្នុងមូលដ្ឋានឃុំទួលស្នួល ដែលដាំដំណាំដំឡូងមីនិងស្រូវ ត្រូវគិតពីការផលិតពូជ ឬរក្សាពូជទុកសម្រាប់ផ្គត់ផ្គង់ខ្លួនឯងក្នុងរដូវបន្តផង សម្រាប់លក់ឲ្យសហគមន៍ផង ដើម្បីកាត់បន្ថយការនាំពូជពីក្រៅដែលយើងមិនដឹងប្រភពនិងសាវតាច្បាស់លាស់។