នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយក្រុមហ៊ុនកសិករខ្មែរអង្គរ ចុះត្រួតពិនិត្យ និងតាមដានការបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំ ពោតក្រហម និងផ្តល់ថ្នាំពុលកសិកម្មសម្រាប់កម្ចាត់ដង្កូវហ្វូងដល់កសិករចំនួន ២០គ្រួសារ នៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្ម៉ំ ដែលជួបបញ្ហាសត្វល្អិតចង្រៃ (ដង្កូវហ្វូង)បំផ្លាញលើដំណាំពោតក្រហមប្រមាណ ៨៥០ហិចតា។ ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ និងមន្រ្តីជំនាញ បានប្រជុំណែនាំកសិករបន្ថែម ពីរបៀបប្រើប្រាស់ថ្នាំពុលកសិកម្មឲ្យមានប្រសិទ្ធភាព មានដូចជា៖ របៀបលាយថ្នាំ ការប្រើប្រាស់ធុង បាញ់ថ្នាំដែលមិនធ្លាប់ប្រើថ្នាំស្មៅពីមុន វិធីសាស្រ្តបាញ់ថ្នាំ ពេលវេលាបាញ់ថ្នាំ និងបង្ហាញរបៀបនៃការ ត្រួតពិនិត្យមើលព័ត៌លើសំបកវេចខ្ចប់ផលិតផលមុនពេលយកទៅប្រើប្រាស់។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញ និងកសិករ ចុះត្រួតពិនិត្យចម្ការពោតផ្ទាល់។ ជាលទ្ធផល បញ្ជាក់អោយឃើញថា ដំណាំពោតក្រហមចាប់ផ្តើមដុះលូតលាស់ល្អប្រសើរឡើងវិញហើយ ចំណែកដង្កូវហ្វូងក៏មិន មានការរីករាលដាលទៀតដែរ បន្ទាប់ពីមន្រ្តីជំនាញបានចុះណែនាំកសិករពីវិធានការកម្ចាត់ និងការពារកាលពី ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ កន្លងមក។
សូមបញ្ជាក់ថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅតែបន្តកិច្ចសហការជាមួយអគ្គ នាយដ្ឋានកសិកម្មបន្តទៀត ដើម្បីសិក្សាស្រាវជ្រាវពីវិធានការទប់ស្កាត់និងកម្ចាត់ដង្ហូវហ្វូងប្រភេទថ្មីនេះ(Fall Amyworm)អោយមានប្រសិទ្ធភាពខ្ពស់។