ករណីផ្ទុះឡើងនូវវត្តមានសត្វដង្កូវហ្វូងប្រភេទថ្មី (Fall Amyworm) លើដំណាំពោតក្រហមកសិករប្រមាណ ៨៥០ហិចតា មន្រ្តីជំនាញបានចុះអន្តាគមន៍ និងត្រួតពិនិត្យភ្លាមៗ
ចេញ​ផ្សាយ ១៣ មិថុនា ២០១៩
2,830

ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩

ការប្រែប្រួលអាកាសធាតុបានបង្កអោយកម្តៅកើនឡើងខ្ពស់និងភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលយូរ នៅដើមឆ្នាំ២០១៩នេះ។ កត្តាទាំងនេះបានអំណោយផលយ៉ាងល្អប្រសើរសម្រាប់កត្តាចង្រៃស្ទើគ្រប់ប្រភេទ។ 

ជាក់ស្តែងថ្មីៗនេះ មានករណីផ្ទុះឡើងនូវវត្តមានសត្វដង្កូវហ្វូងប្រភេទថ្មី  (Fall Amyworm) លើដំណាំពោតក្រហម របស់កសិករនៅឃុំរការខ្នុរ ស្រុកក្រូចឆ្មារ  ប្រមាណ ៨៥០ហិចតា។ ឆ្លើយតបភ្លាមៗទៅនឹងស្ថានការណ៍ខាងលើនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់តាំងលោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តីជំនាញចំនួន២រូប សហការជាមួយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងការិយាល័យកសិកម្មស្រុកក្រូចឆ្មារ ចុះអន្តាគមន៍ និងត្រួតពិនិត្យភ្លាមៗនៅចម្ការកសិករផ្ទាល់។  

*ជាលទ្ធផល*៖ បញ្ជាក់អោយឃើញដំណាំពោតដែលទទួលរងផលប៉ះពាល់ គឺស្ថិតនៅក្នុងដំណាក់កាលលូតលាស់ ហើយពូជដែលកសិករនិយមដាំដុះគឺពូជ CP ៩៩៩ ។ តាមរយៈការសង្កេតផ្ទាល់នៅក្នុងចម្ការរបស់កសិករ សត្វដង្កូវហ្វូងមានចំនួន ៨-១២ក្បាល ក្នុងមួយផ្ទៃដីមួយម៉ែត្រការ៉េ។ ទន្ទឹមនឹងនេះដើម្បីកម្ចាត់ដង្កូវហ្វូង កសិករបានប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Emamectin 50g/kg WDG ក្នុងកម្រិត ១០ក្រាម ក្នុងទឹក ២០លីត្រ ។ បន្ទាប់ពីទទួលបានព័ត៌មានលម្អិតពីកសិករ និងការអង្កេតជាក់ស្តែងពីការបំផ្លាញរបស់ដង្កូវហ្វូងប្រភេទថ្មីនេះ រួចមក មន្រ្តីជំនាញបានផ្តល់អនុសាសន៍ណែនាំដល់កសិករ ពីវិធានការការពារនិងកម្ចាត់ ដង្កូវហ្វូង ៤ចំណុចសំខាន់ៗ ដូចខាងក្រោម៖

១-ត្រូវសម្អាតស្មៅក្នុងនិងជុំវិញចម្ការ អោយបានស្អាត
២-ត្រូវភ្ជួរដីដែលនៅសល់ជុំវិញចម្ការដើម្បីកម្ចាត់ជម្រកដង្កូវហ្វូង និងកត្តាចង្រៃផ្សេងៗទៀត
៣-ត្រូវជីកចង្អូរជុំវិញចម្ការទំហំ ៣០សង់ទីម៉ែត្រ និងជម្រៅ២០ សង់ទីម៉ែត្រដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវ។
៤- ក្នុុងករណីបំផ្លាញស្ថិតនៅក្នុងកម្រិតមាត់ទ្វារសេដ្ឋកិច្ច ចាំបាច់ត្រូវប្រើប្រាស់វិធានការកម្ចាត់ដោយប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្មដូចជា Emamectin benzoat, Indoxacarb, Chloratraniliprol, Flubendiamide , Fipronil។

ចំនួនអ្នកចូលទស្សនា
Flag Counter