ព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះដំណាំឈើហូបផ្លែនិងផ្តល់ជំនួយបច្ចេកទេសដល់ អ៊ុំ តុង កសិករនៅភូមិគីឡូម៉ែត្រ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានដាំដុះដំណាំដូចជា ទុរេន សាវម៉ាវ ប័រ ក្រូចថ្លុង និងដំណាំរួមផ្សំមួយចំនួនទៀត លើផ្ទៃដី ជាង៥ហិកតា ដោយមានរៀបចំប្រព័ន្ធស្រោចស្រពពាក់កណ្តាលស្វ័យប្រវត្តិ។ បច្ចុប្បន្ន គាត់ចាប់ផ្តើមប្រមូលផលក្រូចថ្លុង ដែលលក់បានតម្លៃពី ៨ ០០០ ទៅ១០ ០០០រៀលក្នុង១ផ្លែ ដោយផ្លែក្រូចរបស់គាត់មានរស់ជាតិផ្អែមឆ្ងាញ់ ចំណែកដំណាំ ទុរេន និងសាវម៉ៅ នឹងអាចប្រមូលផលបាននៅចុងខែឧសភា ខាងមុខនេះ។
ងាកទៅមើលដើមក្រូចថ្លុងប្រមាណ ៤២ដើមដែលអាចប្រមូលផលបាន គឺមានការចាប់អារម្មណ៍ដោយគាត់បានយកថង់ក្រណាត់ព៌ណស ស្រោបផ្លែក្រូចដើម្បីការពារផ្លែក្រូចថ្លុង កុំឲ្យសត្វល្អិតទិចផ្លែ ធ្វើឲ្យត្រជាក់ក្តិបកាន់បានល្អ ធន់នឹងការប្រែ ប្រួលអាកាសធាតុ ម្យ៉ាងទៀតធ្វើឲ្យសំបករលោងស្អាត មានការចាប់អារម្មណ៍ ងាយស្រួលលក់នៅលើទីផ្សារ។
បច្ចុប្បន្នគាត់ទទួលបានបច្ចេកទេសសាកមែក ពង្រីកពូជក្រូច ពីមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្តទៀត ដែលធ្វើឲ្យគាត់កាត់បន្ថយការចំណាយថវិកា លើការទិញពូជពីខាងក្រៅ ដែលមានប្រភពមិនច្បាស់លាស់ ធ្វើឲ្យកើតជំងឺជាដើម។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានផ្តល់ការណែនាំបន្ថែមមួយចំនួនដូចតទៅ ៖
១-ណែនាំកសិករពីការសម្អាតស្មៅ នៅតាមគល់ដំណាំ
២-ពន្យល់បន្ថែមពីការកាត់តាក់តែងមែកលើដំណាំក្រូចថ្លុង និងវិធានការពារនិងកម្ចាត់សត្វល្អិតចង្រៃ
៣-ណែនាំបន្ថែមពីការជ្រើសរើសមែកពូជ ដើម្បីយកទៅសាក
៤-ណែនាំពីការប្រើប្រាស់ជីទៅតាមបទដ្ឋានបច្ចេកទេសដែលធានាឲ្យផលិតផលផ្លែឈើ រក្សាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគនិងបង្ហាញពីគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) និងឈានទៅបិទស្លាកសញ្ញាសម្គាល់លើផ្លែឈើ ខេត្តត្បូងឃ្មុំ។