ពិនិត្យការដាំដុះដំណាំបន្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ ជួន ប៊ៀន
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
226

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះដំណាំបន្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ ជួន ប៊ៀន ស្ថិតនៅភូមិចុងអង្គ្រង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងកសិករ ជីន ជឿន ដែលមានដាំដុះដំណាំសណ្ដែកកួរ និងដំណាំត្រសក់។

ក្នុងពេលនោះ លោកប្រធានមន្ទីរ បានផ្តល់យោបល់បន្ថែមមួយចំនួនដូចតទៅ ៖
១-ណែនាំកសិករពីការគ្របកៅស៊ូប្លាស្ទិច ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្មៅចង្រៃ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពតាមបែបទំនើបដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់កសិករ និងកាត់បន្ថយលើការប្រើប្រាស់កម្លាំងពលកម្មច្រើន ជាពិសេសកាត់បន្ថយកាប្រើប្រាស់ទឹកខ្ជះខ្ជាយ។

២-ពន្យល់បន្ថែមពីការកាត់ខ្នែងលើដំណាំដើម្បីឲ្យដំណាំទទួលបាននូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបង្កើនទិន្នផលឲ្យបានគ្រប់គ្រាន់ និងការកាត់ស្លឹកចាស់ៗចោល ដើម្បីឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងកាត់បន្ថយកត្តាចង្រៃមួយចំនួនដូចជាជំងឺនិងសត្វល្អិតចង្រៃផងដែរ។

៣-ណែនាំពីការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំពុលកសិកម្មទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញឲ្យកសិករផលិតជីធម្មជាតិ និងថ្នាំពុលដែលផ្សំពីរុក្ខជាតិ និងធ្វើឲ្យកសិផលផ្សេងៗចាត់ចូលជាផលិតផលដែលមានសុវត្ថិភាព និងទទួលបានស្លាកសញ្ញាបញ្ជាក់ពីគុណភាពបន្លែសុវត្ថិភាព( GAP )។

ចំនួនអ្នកចូលទស្សនា
Flag Counter