ពិនិត្យការដាំដុះដំណាំឈើហូបផ្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ អ៊ុ តុង
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
205

ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះដំណាំឈើហូបផ្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ អ៊ុ តុង នៅភូមិគីឡូម៉ែត្រ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានដាំដុះដំណាំដូចជា ទុរេន សាវម៉ាវ ប័រ ក្រូចថ្លុង និងដំណាំរួមផ្សំជាច្រើនទៀត លើផ្ទៃដី ជាង៥ហិកតា ដោយមានរៀបចំប្រព័ន្ធស្រោចស្រពពាក់កណ្តាលស្វ័យប្រវត្តិ។  បច្ចុប្បន្ន គាត់ចាប់ផ្តើមប្រមូលផលក្រូចថ្លុង ដែលលក់បានតម្លៃពី ៨០០០  ទៅ១០០០០រៀលក្នុង១ផ្លែ ដោយផ្លែក្រូចរបស់គាត់មានរស់ជាតិផ្អែមឆ្ងាញ់ ចំណែកដំណាំ ទុរេន និងសាវម៉ៅ និងទុំ អាចប្រមូលផលបាននៅចុងខែឧសភា ខាងមុខនេះ។ 

ងាកទៅមើលដើមក្រូចថ្លុងប្រមាណ៤២ ដើមដែលអាចប្រមូលផលបាន គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានក្រណាត់ ព៌ណស ចងជាប់ជាមួយមែកក្រូច ហាក់ដូចជាសំបុកចាបចឹង តាមការបញ្ជាក់របស់លោកពូ ធ្វើដូចនេះដើម្បីរុំផ្លែក្រូចថ្លុង កុំឲ្យសត្វល្អិតតិចផ្លែ ធ្វើឲ្យត្រជាក់កាន់ក្តិបបានល្អ ធន់នឹងការបម្រែបម្រួលអាកាសធាតុ ម្យ៉ាងទៀតធ្វើឲ្យសំបក់រលោងស្អាត មានការចាប់អារម្មណ៍ ងាយស្រួលលក់នៅលើទីផ្សារ។

បច្ចុប្បន្នគាត់ទទួលបានបច្ចេកទេស
សាកមែក ពង្រីកពូជក្រូច ពីមន្ត្រីជំនាញ
នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដុះបន្តទៀត ដែលធ្វើឲ្យគាត់កាត់បន្ថយការចំណាយថវិកា លើការទិញពូជពីខាងក្រៅ ដែលមានប្រភពមិនច្បាស់លាស់ ធ្វើឲ្យកើតជំងឺជាដើម។

ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរ បានផ្តល់ការណែនាំបន្ថែមមួយចំនួនដូចតទៅ ៖
១-ណែនាំកសិករពីការសម្អាតស្មៅ នៅតាមគល់ដំណាំ 
២-ពន្យល់បន្ថែមពីការកាត់តាក់តែងមែកលើដំណាំក្រូចថ្លុង និងវិធានការពារនិងកម្ចាត់សត្វល្អិតចង្រៃ
៣-ណែនាំបន្ថែមពីការជ្រើសរើសមែកពូជដើម្បីយកទៅសាក
៤-ណែនាំពីការប្រើប្រាស់ជីទៅតាមបទដ្ឋានបច្ចេកទេសដែលធានាឲ្យផលិតផលផ្លែឈើ រក្សាបានសុវត្តិភាពសម្រាប់អ្នកបរិភោគ និងពីគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) និងឈានទៅបិទស្លាកសញ្ញាសម្គាល់លើផ្លែឈើ ក្នុងខេត្តត្បូងឃ្មុំ។

លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ បានសំដែងនូវការកោតសរសើរពីការរៀបចំប្រព័ន្ធសោចស្រព សមស្របទៅនិងការបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំនួនអ្នកចូលទស្សនា
Flag Counter