ចុះពិនិត្យការដាំដុះដំណាំឈើហូបផ្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
442

ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដុះដំណាំឈើហូបផ្លែនិងផ្តល់ជំនួយបច្ចេកទេសដល់កសិករ វ៉ាត វី ស្ថិតនៅភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានដាំដុះដំណាំដូចជា ដូងតឿ ១ ៤០០ដើម ទុរេន ៣០០ ដើម ក្រូចតែជ្រក់ ៣០០ដើម ក្រូចឆ្មារអត់គ្រាប់ ១០០ដើម ប័រ ៤០ដើម សាវម៉ៅ ៤០ដើម លើផ្ទៃដី ១៨ហិកតា ដោយមានរៀបចំប្រព័ន្ធស្រោចស្រពពាក់កណ្តាលស្វ័យប្រវត្តិ។ បច្ចុប្បន្ន លោក វ៉ាត វី ចាប់ផ្តើមប្រមូលផល ក្រូចតែជ្រក់ ដែលលក់បានតម្លៃ ២ ៥០០ ទៅ៣០០០រៀល/គីឡូក្រាម បន្ទាប់ពីដាំបាន ៦ខែ ដែលគាត់អាចប្រមូលផលបានលើកទី១ ដោយ ១ដើម បានចំនួន ១គីឡួក្រាម បន្ទាប់ពីប្រមូលផលបានលើកទី១ រយៈពេល ១៥ថ្ងៃបន្ទាប់គាត់អាចប្រមូលបាន ជាបន្តបន្ទាប់ទៀត ជាទៀងទាត់។ ចំណែកដំណាំដំណាំផ្សេងៗទៀត មិនទាន់ផ្តល់ផលនៅឡើយទេ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញ បានផ្តល់ការណែនាំបន្ថែមមួយចំនួនដូចតទៅ ៖
១-ណែនាំកសិករពីការគ្រប់កៅស៊ូប្លាស្ទិចនៅតាមគល់ដំណាំកូ្រចតែជ្រក់ ដើម្បីការពារស្មៅដុះ និងជៀសវាងការបាញ់ថ្នាំសម្លាប់ស្មៅដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំ។
២-ពន្យល់បន្ថែមពីការកាត់តាក់តែងមែកលើដំណាំក្រូចតែជ្រក់ និងវិធានការពារនិងកម្ចាត់សត្វល្អិតចង្រៃ(ដង្កូវស៊ីញ៉េ)។
៣-ណែនាំពីការប្រើប្រាស់ជីទៅតាមបទដ្ឋានបច្ចេកទេស ដែលធានាឲ្យផលិតផលផ្លែឈើ រក្សាបានសុវត្តិភាពសម្រាប់អ្នកបរិភោគ។ មន្ត្រីជំនាញ ក៌បានលើកឡើងពីគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯងផង សម្រាប់អ្នកបរិភោគផ្លែឈើផង តម្លៃល្អប្រសើរផង រហូតឈានដល់ទទួលបានស្លាកសញ្ញាសម្រាប់បិទសម្គាល់លើផ្លែឈើ។

លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ បានសំដែងនូវការកោតសរសើរពីការរៀបចំចម្ការដែលមានប្រព័ន្ធសោចស្រព សមស្របទៅតាមលក្ខណៈបច្ចេកទេសកសិកម្ម និងការបន្ស៉ាំទៅនឹងការប្រែប្រួកអាកាសធាតុ។

ចំនួនអ្នកចូលទស្សនា
Flag Counter