រដូវកាលក្រូចថ្លុង កោះពី រសជាតិទន់ផ្អែម មកដល់ហើយ
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
263

ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥ ៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំក្រូចថ្លុង របស់កសិករនៅឃុំកោះពី ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីលោកមេឃុំកោះពី ផងដែរ។ កោះពី ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានកំពង់ចម្លងតែមួយគត់ ទៅកាន់ដីកោះនេះ គឺកំពង់ចម្លងវត្តក្រូចសើច។

នៅរដូវប្រាំង កោះពី ព័ទ្ធជុំវិញទៅដោយខ្សាច់ពណ៌ លឿងខ្ចី លាយជាមួយកំទេចកំទីភ្លិកភ្លេកពណ៌មាសនិងប្រាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺលំនៅដ្ឋានណា ក៏មានដើមក្រូចថ្លុងដែរ។ ជាមួយគ្នានេះ ក៏មានដើមក្រូចថ្លុង ២ដើម ដែលប្រជាជននៅលើកោះផ្តាល់ចំណាត់ថ្នាក់ថា ជាដើមដែលផ្តល់ផ្លែច្រើនដាច់គេ រហូតដល់ ៥០ឡូត៍ក្នុងមួយដើម។

លោក ខូវ អ៊ មេឃុំកោះពី រៀបរាប់ថា កោះនេះ មានផ្ទៃដី 
១០៧៧ហិកតា ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ ដែលពីមុនសម្បូរទៅដោយដើមឫស្សីនិងដើមគរ។ ក្រោយមកដោយការដាំក្រូចថ្លុងមានការលូតលាស់ល្អ ហើយផ្តល់រសជាតិផ្អែមស្រទន់ ទទួលបានការចាប់អារម្មណ៍ពីអ្នកបានទៅដល់ ប្រជាជនក្នុងភូមិ បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូចថ្លុង លើផ្ទៃដីប្រមាណ ៣០ហិកតា ហើយកំពុងប្រមូលផលប្រមាណ ១០ហិកតា។ ដូច្នេះ ហើយយើងសង្កេតឃើញលើកោះនេះ មានដំណាំចម្បងតែ ៣ប្រភេទប៉ុណ្ណោះ គឺ ឬស្សី គរ និងក្រូច ថ្លុង។

បងស្រី ទ្រី មួយស៊ីង កសិករដាំដុះក្រូចថ្លុង តំណពីដូនតាមក មាន ៣ពូជ លើផ្ទៃដី ១ហិកតា មានដូច ជា ពូជផ្អែមទន់ ពូជផ្អែមស្រួយ ដែលមានរស់ជាតិផ្អែមឆ្ងាញ់ និងពូជយកពីកោះទ្រុង ខេត្តក្រចេះ ដែលដាំដុះបាន៨ឆ្នាំ ហើយក្រូចចាប់ផ្តើមឲ្យផលជាបណ្តើរហើយ។ បងស្រី បានរៀបរាប់ទៀតថា ក្រូច ថ្លុងនៅកោះពី នេះ ប្រមូលផលចាប់ផ្តើមពីខែមេសា ដល់ខែកញ្ញា។ ដើម្បីដឹងថាក្រូចថ្លុងនោះទុំឬនៅ គឺយើងត្រូវមើលផ្លែណាដែលក្រឡារីកល្អ។ ជាទូទៅ ក្នុង១ដើម ក្រូចថ្លុងរបស់គាត់មានផ្លែចាប់ពី១០ ទៅ២០ឡូតិ៍។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានលើកជូនយោបល់ ៖
-ត្រូវធ្វើការតាក់តែងមែក ដើម្បីពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺនិងសត្វល្អិតបំផ្លាញដំណាំ និងធ្វើឲ្យផ្លែមានទំហំស្តង់ដារ
-ត្រូវចងក្រងជាក្រុម ឫសហគមន៍កសិកម្ម ដាំដុះតាមបច្ចេកទេស មានស្តង់ដារសុវត្ថិភាពច្បាស់លាស់ ដែលមានតម្រូវការទីផ្សារខ្ពស់ និងផ្សារភ្ជាប់ទីផ្សារតាមរយៈផលិតកម្មកសិកម្មតាុំកិច្ចសន្យា
-ប្រើប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី កាត់បន្ថយពេលវេលានិងកម្លាំងពលកម្ម
-ត្រូវបង្កើតស្លាកសញ្ញាសម្គាល់សម្រាប់ក្រូចថ្លុងនេះ
-ត្រូវចលនាមានសកម្មភាពកែច្នៃ ឬស្សី និង ដើមគរ ជាវត្ថុប្រើប្រាស់ផ្សេងៗ បង្កើតការងារនិងបង្កើនចំណូលម្ចាស់ស្រុក។

កោះពី មានសក្តានុពល ជាតំបន់កសិ ទេសចរ ដែលផ្តល់ខ្យល់បរិសុទ្ធ លើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ ទេសភាពល្អគន់ ក្រោមម្លប់ក្រូចថ្លុងប្រកបដោយផាសុខភាពនិងរសជាតិផ្អែមស្រទន់។

សូមចូលរួមគាំទ្រនិងផ្តល់តម្លៃផលិតផលក្នុងស្រុក

លោកប្រធានមន្ទីរ សូមអរគុណលោកមេឃុំ ដែលបាននាំយើងខ្ញុំពិនិត្យមើលសក្តានុពលភូមិសាស្ត្រនិងសមិទ្ធផលថ្មីជាច្រើន ជាពិសេសផ្លូវបេតុង លើដីកោះពី។

ចំនួនអ្នកចូលទស្សនា
Flag Counter