បង្ហាញពីបទពិសោធន៍និងបច្ចេកទេស ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ២៩ មេសា ២០១៩
262

ថ្ងៃពុធ ០៥រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសចិញ្ចឹមសត្វ ក្សេត្រសាស្ត្រ និងសហគមន៍ សហការជាមួយក្រុមប្រឹក្សាឃុំគរ ស្រុកត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ " ចលនាភូមិថ្មី ភូមិក្បាលបឹងសេះ " នៅភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ដែលមានអ្នកចូលរួម ១៥នាក់។ គម្រោង "ចលនាភូមិថ្មី " ត្រូវបានបង្កើតឡើងក្រោមការសម្របសម្រួលរបស់មន្ទីរអភិវឌ្ឍនជនបទខេត្ត គាំទ្រដោយជំនួយ របស់កូរ៉េ។ ក្នុងផ្នែកកសិកម្ម គម្រោងផ្តោតលើការលើកកម្ពស់ផលិតកម្មកសិកម្ម ដូចជា ការចិញ្ចឹមគោ ជ្រូក មាន់ និងដាំបន្លែ ជាលក្ខណៈគ្រួសារ។

ក្រោយពីស្តាប់ពីវឌ្ឍនភាពនិងបញ្ហាប្រឈម ក្នុងផ្នែកកសិកម្ម មន្ត្រីជំនាញ បានឡើងបង្ហាញពីបទពិសោធន៍និងបច្ចេកទេស ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ៖

១-ចិញ្ចឹមគោ ជ្រូក មាន់ ពង្រីកទំហំផលិតកម្មដើម្បី បង្កើនចំណូលក្នុងគ្រួសារ ការបង្កាត់គោ ជ្រូក បែបសិប្បនិម្មិត និងផ្សព្វផ្សាយពីផលវិបាកនិងវិធានការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក 
២-ដាំដុះបន្លែនិងដំឡូងមី ការរក្សាទុកនិងប្រើប្រាស់ពូជដំឡូងមី ការប្រើជីនិងថ្នាំពុលកសិកម្មទៅលើដំណាំ ការប្រែដីមកដាំបន្លែនិងពង្រីកទំហំផលិតកម្មបន្លែសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ និងផ្សព្វផ្សាយពីផលវិបាកនិងវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី 
៣-អត្ថប្រយោជន៍នៃការបំពេញការងារជាក្រុម ផលិតកម្មជាក្រុមដោយមានផែនការដាំដុះច្បាស់លាស់ ការពង្រឹងសមត្ថភាពក្រុមឲ្យក្លាយជាតំណាងក្រុមធ្វើជាដៃគូជាមួយភាគីពាក់ព័ន្ធក្នុងសង្គមនិងទីផ្សារ 
៤-សំណូមពរឲ្យអាជ្ញាធរឃុំ ក្រុម ចលនាភូមិថ្មី ជួយផ្សព្វផ្សាយអំពីស្ថានភាពអាកាសធាតុ សម្រាប់ការដាំដុះក្នុងរដូវវស្សាឆ្នាំ២០១៩នេះ តាមការណែនាំជាប្រចាំរបស់រាជរដ្ឋាភិបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter