ថ្ងៃអាទិត្យ ០២រោច ខែចេត្រ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចាប់ផ្តើមការងារសម្រាប់ឆ្នាំកុរ ជាមួយកសិករដាំត្រសក់ចំណារនិងដំឡូងមី នៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំនិងតំណាងសហគមន៍កសិកម្ម។
បញ្ហាប្រឈមដែលកសិករលើកឡើងមាន ករណីសត្វល្អិត អាកាសធាតុ(ភ្លៀង ក្តៅខ្លាំង ខ្វះទឹក) តម្លៃកសិផលឡើងចុះ។
ដំណោះស្រាយ
១-ការរៀបចំដីដែលមិនបង្កភាពជាំទឹក សម្លាប់មេរោគក្នុងដីមុនដាំ ការតាក់តែងដើម ការសម្អាតស្មៅនិងកាកសំណល់បង្កមេរោគចេញពីចម្ការ
២-ពិនិត្យលទ្ធភាពរៀបចំផ្ទះសំណាញ់ចល័តដែល សមស្របស្ថានភាពទាំងរដូវប្រាំងនិងរដូវវស្សានិងប្រព័ន្ធស្រោចស្រពបែបសន្សំសំចៃទឹក
៣-ត្រូវព្យាយាមផលិតបន្លែដែលមានស្តង់ដារ សម្រាប់សុវត្ថិភាពចំណីអាហារនិងស្តង់ដារសម្រាប់ជាតម្រូវការរបស់ទីផ្សារ
៤-កាត់បន្ថយជាអតិបរមា ការប្រើជីគីមីនិងថ្នាំពុលគីមី ហើយងាកមកប្រើ ជីនិងថ្នាំបែបធម្មជាតិ ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កើនតម្លៃកសិផលលើទីផ្សារ។ ការប្រើជីនិងថ្នាំកសិកម្ម ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស។ ការដាក់ជីគីមី កសិករត្រូវតែ ជិកកប់ មិនត្រូវបានលើដី ហើយរង់ចាំទឹកស្រោចពីលើនោះទេ
៥-ត្រូវប្រមូលផ្តុំទំហំផលិតកម្ម ដោយមានផែនការ ដាំដុះត្រឹមត្រូវ និងឆ្លើយតបតម្រូវការរបស់ទីផ្សារ។ សហគមន៍កសិកម្មត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយជា កសិ ពាណិជ្ជករ នៅមូលដ្ឋាន និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
៦-ពូជដំឡូងមី ត្រូវពិនិត្យពូជដែលមិនមានស្លឹករួញ ហើយត្រូវបន្ថែមសារធាតុចិញ្ចឹម(ជីគីមី) នៅដំណាក់កាលលូតលាស់ និងថែទាំកម្ចាត់ស្មៅក្នុងចម្ការ។