ពូជបន្លែ ៥មុខ ចែកជូនកសិករ ៣០គ្រួសារនៅភូមិត្រពាំងសង្កែ
ចេញ​ផ្សាយ ១០ មេសា ២០១៩
148

ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ៨ ខែមេសា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចូលរួមពិធីចែកពូជបន្លែជូនដល់កសិករនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលរៀបចំដោយអង្គការក្រុមទ្រទ្រង់ភូមិ(VSG) គាំទ្រដោយអង្កការ Hellen Keler International (HKI)។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់នូវគោលគំនិតមួយចំនួនដូចខាងក្រោម ៖

-តាមរយៈបទពិសោធន៍ទទួលបានពីការដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ត្រូវពង្រីកការដាំបន្លែជាលក្ខណៈពាណិជ្ជកម្ម ដើម្បីបង្កើនចំណូលក្នុងគ្រួសារ បំពេញតម្រូវការទីផ្សារដែលកំពុងខ្វះខាត
-ត្រូវធ្វើដាំដុះជាក្រុម ដោយរៀបចំផែនការដាំដុះកុំឲ្យជាន់គ្នា មានទំនាក់ទំនងទីផ្សារឲ្យបានជាប់លាប់ ដាំពូជដែលជាតម្រូវការទីផ្សារ
-ពិនិត្យលទ្ធភាពកែប្រែដីស្រែ មកដាំដុះបន្លែ 
-ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មថ្មី និងប្រើប្រាស់ធាតុចូលកសិកម្ម ដែលធានាឲ្យបានផលិតផលបន្លែរបស់យើងរក្សាបានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។
-កសិករត្រូវព្យាយាមកែច្នៃជីនិងថ្នាំពុលបែបធម្មជាតិដោយខ្លួនឯង ជៀសវាងការចំណាយលើជីនិងថ្នាំពុលគីមី
-កសិករ ត្រូវចិញ្ចឹមសត្វបន្ថែម សាច់សម្រាប់លក់ លាមកសម្រាប់ជី។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរបានធ្វើការណែនាំដល់កសិករពីបច្ចេកទេសជ្រើសរើសពូជថែរក្សាពូជ និងវិធានទប់ស្កាត់ជំងឺម៉ូសាអុិច លើដំណាំដំឡូងមី ៖
-ត្រូវជ្រើសរើសនិងរក្សាទុកដាក់ដើមពូជដំឡូងមីដែលគ្មានជំងឺសម្រាប់ដំាដុះនៅរដូវបន្ទាប់
-ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំ បើសិនឃើញរោគសញ្ញាជំងឺនេះ ត្រូវដកយកទៅដុតចោល និងចាត់វិធានការកម្ចាត់រុយស ដែលជាភ្នាក់ងារចម្លងជំងឺ
-ត្រូវសម្អាតស្មៅឲ្យបានស្អាត និងរៀបចំដីឲ្យបានល្អមុនពេលដាំ
-ត្រូវប្រើប្រាស់ជី ឲ្យត្រូវតាមបច្ចេកទេស
-ក្រោយពេលប្រមូលផលត្រូវសម្អាតកាកសំណល់ដំឡូងមី និងស្មៅចង្រៃយកទៅដុតចោលហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុសសម្រាប់ការដាំដុះនៅរដូវក្រោយ
-ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជំងឺម៉ូសាអ៊ិច គួរដាំដំណំាផ្សេងជំនួសដូចជាពពួកសណ្តែក ឬពោត នៅរដូវបន្ទាប់ ដើម្បីកាត់ផ្តាច់ជំងឺនេះ។

បន្ទាប់មក ក្រុមការងារ បានបន្តចុះពិនិត្យ ចម្ការបន្លែ និងការចិញ្ចឹមមាន់ របស់កសិករ ៣គ្រួសារ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter