ការប្រើជីលើដំណាំ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទើបកាត់បន្ថយថ្លៃដើម បង្កើនចំណេញ
ចេញ​ផ្សាយ ០៣ មេសា ២០១៩
302

ក្រូចឆ្មារ ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួម ទិវាចម្ការបង្ហាញពីការប្រើប្រាស់ពូជនិងជីលើផលិតកម្មពោតក្រហម នៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំក្រូចឆ្មារ ការិក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ការិយាល័យកសិកម្មស្រុកក្រូចឆ្មារ តំណាងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (CAVAC II) របស់ប្រទេសអូស្ត្រាលី និងបងប្អូនប្រជាកសិករដាំដំណាំពោតក្រហម ៤០នាក់។

តាមការរៀបរាប់របស់ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បង្ហាញ
ថាការដាំបង្ហាញនេះ អនុវត្តទៅលើពូជពោត២ប្រភេទ ដោយប្រើប្រាស់ជី ៣ប្រភេទ ទៅតាមដំណាក់កាលលូតលាស់របស់ពោតគឺ មុនពេលដាំ(ទ្រាប់បាត) ពេលកំពុងលូតលាស់ និងពេលចេញផ្លែ។ ជាលទ្ធផលបង្ហាញថា ការបន្ថែមជីគីមី ជាសារធាតុចិញ្ចឹមនោះ អាចឲ្យកសិករកើនចំណូលតាមរយៈការកើនទិន្នផលពោតមានតម្លៃពី៦០០០០០៛-៨០០ ០០០៛ ក្នុងមួយហិកតា។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបាន ៖
១-សំណូមពរដល់ប្រជាកសិករនាំយកនូវអ្វីដែលទទួលបានយល់ដឹងនាពេលនេះផ្សព្វផ្សាយបន្ត ដល់អ្នកជិតខាង និងត្រូវអនុវត្តការដាំដុះប្រើប្រាស់ជី តាមបច្ចេកទេសដូចដែលបានបង្ហាញ។
២-កសិករត្រូវពិចារណាទៅលើការប្រើគ្រឿងយន្តឲ្យបានច្រើន ដូចជាការពង្រាបដី ការដាំគ្រាប់ពូជ ការរៀបចំប្រព័ន្ធស្រោចស្រពពាក់កណ្តាលស្វ័យប្រវត្តិដែលចំណាយកម្លាំងពលកម្មតិច ពេលវេលាតិច សន្សំសំចៃទឹក ងាយគ្រប់គ្រងកត្តាចង្រៃ និងច្រូតកាត់ដោយម៉ាសុីន។
៣-ត្រូវចងក្រងជាក្រុម ឬ សហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំបណ្តុំផលិតកម្មតាមស្តង់ដារបច្ចេកទេសពង្រីកអំណាចចចារតម្លៃនិងនិរន្តរភាពទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter