នៅអគាររដ្ឋបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ -២០២០ ក្រោមអធិបតិភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត និងមន្រ្តីរាជការប្រមាណ ៣០០នាក់។
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីលទ្ធផលការងារដែលមន្ទីរសម្រេចបាននាឆ្នាំ២០១៨ បញ្ហាផ្សេងៗនិងបានស្នើ សុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្ត្រីដើម្បីឲ្យការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០១៩ ឲ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងពិធីដ៏មានសារ:សំខាន់នេះ និងជា ពិសេសតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការបានល្អជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលកន្លងមករហូតទទួលបានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ។ សមិទ្ធផលនេះពិតជាបានចូលរួមចំណែកជួយកែប្រែកម្រិតជីវភាពរបស់ពលរដ្ឋបានកាន់តែល្អប្រសើរ លើកកម្ពស់ផលិតកម្មស្បៀងសម្រាប់បម្រើឲ្យសេចក្តីត្រូវការទីផ្សារនៅទូទាំងប្រទេស និងជាពិសេសបានរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩ -២០២៣បានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាទរចំពោះសមិទ្ធផលនានាដែលថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទទាំងអស់សម្រេចបាន រហូតឈានទៅទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបិទស្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានស្នាដៃល្អក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យកសិកម្មក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ដោយឡែក ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ជូនអង្គពិធីជ្រាបជាពិសេសថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីថា ស្ថិតក្នុងបរិបទនៃសាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន កំណើនសេដ្ឋកិច្ច សង្គម តម្រូវឲ្យយើងបង្កើនការយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មកសិកម្ម ជម្រុញការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានសមស្របនិងមានប្រសិទ្ធភាព ការអភិវឌ្ឍនិងបំពេញខ្សែច្រវាក់ផលិតកម្មគ្រប់ជ្រុងជ្រោយ និងការប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ។ កត្តាទាំងអស់នេះ ទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ កិច្ចសហការទ្វេរដងដើម្បីរួមគ្នាបន្តអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព។
ដើម្បីឲ្យផែនការអនុវត្តការងារឆ្នាំ២០១៩ -២០២០ ទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបតម្រូវការស្បៀងដែលចេះតែមានការកើនឡើងជាលំដាប់ទាំងបរិមាណ គុណភាព អនាម័យ និងសុវត្ថិភាពសម្រាប់ទីផ្សារ និងឈានទៅធ្វើការកាត់បន្ថយការនាំចូល ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះ ឬជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទយកទៅអនុវត្តដោយក្នុងនោះមានដូចតទៅ៖
ទី១. ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដែលត្រូវការទឹកតិច និងមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាពដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការសម្របសម្រួលទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមទីផ្សារផ្សេងៗក្នុងស្រុក។ បន្តពង្រឹងការផ្តល់សេវាបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើប និងសមស្រប។ ត្រូវពង្រឹងសហគមន៍កសិកម្មឲ្យមានលក្ខណៈជាអាជីព ប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ ហើយត្រូវសហការជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម តម្លៃលើមុខដំណាំសំខាន់ៗតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។
ទី២. ត្រូវបន្តលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម តាមរយៈការបង្វែរទិសដៅពីការអភិវឌ្ឍន៍តាមបែប វិបុលវប្បកម្មទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ បន្តផ្ទេរបច្ចេកទេសទំនើបសមស្របតាមដំណាំស្រូវ បន្លែ សត្វ វារីវប្បកម្ម ធាតុចូលកសិកម្មផ្សេងៗឲ្យសមស្របតាមគុណភាពដី ប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។
ទី៣. ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលានូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់ ជាពិសេសទប់ស្កាត់ដាច់ខាតការនាំជ្រូកចូលខុសច្បាប់ ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិកបាននិងកំពុងរាលដាលនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន។
ទី៤. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ និងត្រូវពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។
ទី៥. បង្កើនការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថាមន្រ្តីត្រូវបន្តចុះជួយប្រជាពលរដ្ឋដោយស្មោះត្រង់ មានភាពទទួលខុសត្រូវខ្ពស់ឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន។
នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏ផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់មន្រ្តីរាជការដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ជាពិសេសដើម្បីបង្ហាញពីវប្បធម៌គោរព ស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគុណូបការរបស់មន្រ្តីរាជការដែលបានខិតខំលះបង់គ្រប់បែបយ៉ាងបម្រើការងារជូនជាតិ មាតុភូមិនិងប្រជាជន។