ពិនិត្យស្ថានភាពទឹកស្រោចស្រព ការដាំបន្លែ និងផ្តល់ជំនួយបច្ចេកទេសដល់កសិករ
ចេញ​ផ្សាយ ០៣ មេសា ២០១៩
461

ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩  លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកស្រោចស្រព ការដាំបន្លែ និងផ្តល់ជំនួយបច្ចេកទេសដល់កសិករចំនួន ៣គ្រួសារ ដែលដាំដុះបន្លែភ្លៅកង្កែប ត្រសក់ និងឆៃថាវ នៅឃុំព្រះធាតុ និងឃុំគងជ័យ ស្រុកអូររាំងឪ រួមមាន ៖

១-កសិករឈ្មោះ ពូ សេត ដាំភ្លៅកង្កែប លើផ្ទៃដីចំនួន ៨០០ម៉ែត្រក្រឡា ធ្វើការប្រមូលក្នុងរយៈពេល ១៥ថ្ងៃម្តង បានបរិមាណផលប្រហែល ៣៥០គីឡូក្រាម លក់បានតម្លៃ 
២០០០រៀល/គក្រ។
២-កសិករ ឈ្មោះ មុំ មីន ដាំត្រសក់ចំណារ លើផ្ទៃដីចំនួន ២ ៨០០ម៉ែត្រក្រឡា ធ្វើការប្រមូលបាន១៧ ដង បានបរិមាណផល ៧ ០០០- ៩ ០០០គីឡូក្រាម លក់បានតម្លៃជាមធ្យម ១ ០០០រៀល/គក្រ។
៣-កសិករ ហាន សុខមឿន ដាំបន្លែ ៣មុខ លើទំហំ ដី ៣ ០០០ម៉ែត្រក្រឡា គាត់ដាំឆៃថាវ ២ ០០០ ម៉ែត្រក្រឡា ត្រកួន ៥០០ម៉ែត្រក្រឡា និងផ្ទី ៥០០ ម៉ែត្រក្រឡា ដែលធ្វើឲ្យគាត់លក់បន្លែបានជារៀង រាល់ថ្ងៃ អាចរកចំណូល បានប្រមាណ ៦០ ០០០ រៀល/ថ្ងៃ លើការលក់ត្រកួននិងផ្ទី។ ចំណែកឯឆៃថាវ ៤៥ថ្ងៃ ទើបបានប្រមូលផលម្តង។

កសិករទាំង ៣គ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយ ដោយសារដំណាំរបស់គាត់មានការលូតលាស់ល្អ ហើយតម្លៃសមរម្យនិងមានមន្ត្រីបច្ចេកទេសកសិកម្ម ចុះណែនាំជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បានផ្តល់ការណែនាំបន្ថែមមួយចំនួនដូចតទៅ ៖
១-សូមបងប្អូនប្រជាកសិករ ធ្វើការដាំដុះជាក្រុម មានស្លាកសញ្ញាសម្គាល់ផលិតផល រៀបចំផែនការដាំដុះកុំឲ្យជាន់គ្នា និងមានទំនាក់ទំនងទីផ្សារ ឲ្យបានជាប់លាប់។
២-ត្រូវបន្តអនុវត្តតាមបទដ្ឋានបច្ចេកទេសដាំដុះ ជាពិសេសការប្រើប្រាស់ធាតុចូលកសិកម្ម ដែលធានាឲ្យផលិតផលបន្លែរបស់យើងរក្សាបានសុវត្តិភាពសម្រាប់អ្នកបរិភោគ។ ក្រុមការងារបានលើកឡើងពី គោលការណ៍អនុវត្តកសិកម្មល្អ(GAP) ឬ គោលការណ៍ ប្រព័ន្ធធានាសុវត្ថិភាពដោយមានការចូលរួម(PGS) ដើម្បីសុវត្ថិភាពសម្រាប់ខ្លួនឯងផង សម្រាប់អ្នកបរិភោគបន្លែផង ហើយកំពុងទទួលបានការគាំទ្រពីអតិថិជន។
៣-ត្រូវសន្សំសំចៃទឹក ក្នុងការស្រោចស្រពបន្លែ តាមរយៈកែលម្អប្រព័ន្ធស្រោចស្រព។ ប្រុងប្រយ័ត្នក្នុងការបន្តដាំដុះ ជៀសវាងជួបហានិភ័យខ្វះទឹកស្រោចស្រព នៅពេលជិតប្រមូលផលព្រោះថ្មីៗនេះ រាជរដ្ឋាភិបាលនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណែនាំនិងសេចក្តីណែនាំស្តីពីការសន្សំសំចៃទឹកក្នុងរដូវប្រាំង ឆ្នាំ២០១៩ នេះ។

តាមការពិនិត្យនិងក្តាប់ពីសភាពការណ៍ទឹក នៅតំបន់ទាំង ៣នេះ មិនទាន់ប្រឈមការខ្វះទឹកស្រោចស្រពដំណាំទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter