សហគមន៍កសិកម្ម ជាសហគ្រាសសេដ្ឋកិច្ចនៅមូលដ្ឋាន ដើរតួនាទីសំខាន់ក្នុងការបង្កើនផលិតភាពកសិកម្ម បង្កើតស្តង់ដារកសិផល ពាណិជ្ជូបនីយកម្មកសិកម្ម
ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី ចុះសម្របសម្រួលមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម នៅភូមិបីម៉ែត្រ ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង ស្រុកក្រូចឆ្មារ លោកមេឃុំទួលស្នួល និងប្រជា កសិករស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍សរុប ៥៨នាក់ ក្នុងនោះស្រី ១៦នាក់។
អង្គមហាសន្និបាតបានអនុម័តសមាជិកភាព លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍ និងធ្វើការបោះឆ្នោតជ្រើសរើស បានសមាសភាពក្រុមប្រឹក្សា ៥រូបនិងសមាសភាពគណៈកម្មាធិការត្រួតពិនិត្យ ៣រូប។
បន្ទាប់ពីការប្តេជ្ញាចិត្តរបស់តំណាងថ្នាក់ដឹកនាំសហ គមន៍កសិកម្ម ក្តីសង្ឃឹមកសិករ ដែលសមាជិកទើប បានផ្តល់សេចក្តីទុកចិត្ត លោកប្រធានមន្ទីរ បានផ្តល់មតិណែនាំមួយចំនួនដូចខាងក្រោម ៖
-ប្រជាកសិករដែលស្ម័គ្រចិត្តនិងទទួលបានសមាជិកភាពសហគន៍កសិកម្ម និងថ្នាក់ដឹកនាំសហគមន៍ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ គោរពតួនាទីគ្នាទៅវិញទៅមក ចេះពិគ្រោះដោះស្រាយបញ្ហាប្រឈមដោយឈរលើគោលការណ៍ស្មើភាពនិងសមធម៌
-ត្រូវរៀបចំផែនការមុខរបរ ក្រុមទទួលខុសត្រូវមុខរបរ ស្របទៅតាមធនធាននិងសមត្ថភាព របស់សមាជិក
-ត្រូវដាំដុះដំណាំទៅតាមបច្ចេកទេស ដែលធានាស្តង់ដារផលិតផលនិងអនុឡោមទៅតាមការបញ្ជា ទិញរបស់ទីផ្សារ
-ត្រូវធ្វើការសិក្សាតម្រូវទីផ្សារ មុននឹងរៀបចំធ្វើផែន ការដាំដុះដំណាំនិងផលិតកម្ម
-ត្រូវអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននិរន្តរភាពទីផ្សារនិងតម្លៃ
-សហគមន៍ ត្រូវស្វែងរកការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម ដើម្បីលើកកម្ពស់ការយល់អំពីផលិតកម្ម និងទីផ្សារ។
បន្ទាប់ពីកម្មវិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ លោកប្រធានមន្ទីរ និងសហការី បន្តចុះពិនិត្យស្ថានភាពដំណាំម្រេចរបស់កសិដ្ឋាន Farmily Plantation នៅភូមិស្រះត្រកួន ឃុំឈូក ស្រុកក្រូចឆ្មារ ដែលកំពុងជួបបញ្ហាកង្វះទឹកស្រោចស្រព និងជំងឺរលួយឬស។ ក្រុមការងារ បានណែនាំនូវបច្ចេកទេសមួយចំនួនដូចតទៅ ៖
-ត្រូវប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលសន្សំសំចៃទឹក និងត្រូវប្រើស្បៃគម្រប កាត់បន្ថយកម្តៅដល់ដើមនិងស្លឹកម្រេច និងភាពឆាប់ហួតហែងនៃដី
-ត្រូវរៀបចំចង្អូររំដោះទឹក តាមចន្លោះរងម្រេចនៅរដូវវស្សា ទប់ស្កាត់ភាពជាំទឹកនិងការឆ្លងរាលដាលនៃជំងឺផ្សិត
-ត្រូវប្រើប្រាស់ប្រភេទថ្នាំការពារផ្សិត Trychoderma នៅដើមរដូវភ្លៀងខាងមុខ ការពារការកកើតមេរោគផ្សិត
-ត្រូវព្យាយាមផលិតថ្នាំពុលធម្មជាតិនិងជីធម្មជាតិ ឲ្យបានគ្រប់គ្រាន់។ អ្នកដាំម្រេច ត្រូវចិញ្ចឹមគោនិង ធ្វើឡជីវឧស្ម័ន ដើម្បីទទួលបានជីធម្មជាតិល្អ ហើយមិនមានមេរោគនិងពពួកគ្រាប់ស្មៅចង្រៃ
-ត្រូវព្យាយាមផលិតម្រេចមានស្តង់ដារ ដែលជាតម្រូវការរបស់អ្នកបញ្ជាទិញ ហើយមានការទទួលស្គាល់ពីសមត្ថកិច្ច។