សមិទ្ធផលសំខាន់ៗដែលសម្រេចបាននា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១៥ មីនា ២០១៩
257

ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាផលិតស្រូវបានជាង១០លានតោន កើនឡើងជាង៣ភាគរយ ខណៈដែលការនាំចេញកសិផលបានកើនឡើងដល់ជាង៤លានតោន ក្នុងនោះអង្ករជាង៦២ម៉ឺនតោនផងដែរ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ បើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

លោករដ្ឋមន្រ្តីបានថ្លែងថា ក្នុងឆ្នាំ២០១៨ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៣.៥% នៃផលិតផលក្នុងស្រុកសរុប ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម បានបន្តកើនដល់ ២១៩១៣ ប៊ីលានរៀលនៅឆ្នាំ២០១៨។

លោកបានបញ្ជាក់ថា ចំពោះសមិទ្ធផលសំខាន់ៗដែលសម្រេចបាននា ឆ្នាំ២០១៨ មានដូចតទៅ៖

១៖ ផលស្រូវសម្រេចបានលើផ្ទៃដីចំនួន ៣.៣៤លានហិកតា ស្មើនឹង១១៣%នៃផែនការ ក្នុងនោះស្រូវវស្សា២.៧៥ លានហិកតា និងស្រូវរដូវប្រាំង០.៥៩លានហិកតា ទិន្នផលគិតជាមធ្យម ៣.៣៥តោន/ហិកតា (ស្រូវវស្សា ៣.០៩៤តោន/ហិកតា ស្រូវប្រាំង ៤.៥១២តោន/ហិកតា)។

បរិមាណផលស្រូវសរុបទទួលបានប្រមាណ១០.៨៩លានតោន គឺកើនប្រមាណ៣.៥១% ធៀបនឹងឆ្នាំ២០១៧ (ស្រូវវស្សាជាង ៨.២១លានតោន និងស្រូវរដូវប្រាំងជាង ២.៦៨លានតោន និងមានអតិរេកស្រូវចំនួនជាង៥.៨៣លានតោន គិតជាអង្ករស្មើនឹង៣.៧៣លានតោន។

ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មទទួលបានបរិមាណផលប្រមាណ១៦.៦៤លានតោននៅឆ្នាំ២០១៨។ ការនាំចេញកសិផលសរុបបានកើនឡើងដល់ ៤.២៣លានតោន ក្នុងនោះអង្ករនាំចេញផ្លូវការបានជាង៦២៦ពាន់តោន។

ដោយឡែក ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង៩០៩ពាន់តោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែនចំនួន០៥ខេត្ត រួមមានខេត្តតាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តកំពត។

ដំណាំកៅស៊ូធម្មជាតិសម្រេចបានជាង៤៣៦ពាន់ហិកតា ក្នុងនោះកៅស៊ូកសិ-ឧស្សាហកម្មជាង ២៧៥ពាន់ហិកតា និងកៅស៊ូគ្រួសារ១៦១ពាន់ហិកតា។ ផ្ទៃដីកៅស៊ូចៀរជ័រចំនួន ២០២ពាន់ហិកតា ផលកៅស៊ូសម្រេចបានចំនួន ២២០ពាន់តោន។

ក្រសួងបានបង្កើតសហគមន៍កសិកម្មចំនួន ១១១៦សហគមន៍ ក្នុងនោះ១២០សហគមន៍កំពុងត្រូវបានជំរុញឱ្យក្លាយ ទៅជាសហគមន៍គំរូនិងកសិ-ធុរកិច្ច។ ក្រសួងក៏បានផលិតពូជស្រូវចំនួន១៨៨ពាន់តោន និងគ្រាប់ពូជដំណាំសាកវប្បកម្មបានចំនួន ២៥តោន និងបានបញ្ចេញពូជសណ្តែកដី «ខេប១-CAP1» ជាពូជមានទិន្នផលខ្ពស់។

២៖ ផលិតកម្មសត្វសម្រេចបានចំនួន៤៤.៣លានក្បាលការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ក្នុងនោះផលិតកម្មបក្សីកើនឡើង ២១.៣%។ ការផលិតនិងផ្គត់ផ្គង់សាច់ មានការកើនឡើងស្របទៅនឹងកំណើនប្រជាជន និងភ្ញៀវទេសចរ ពោលគឺបានកើនដល់ ២៣១ពាន់តោន។
៣៖ វិស័យជលផល និងការអភិវឌ្ឍវារីវប្បកម្ម នៅក្នុងឆ្នាំ២០១៨នេះមានសហគមន៍នេសាទ៥១៦សហគមន៍ (សហគមន៍នេសាទទឹកសាប ៤៧៥ និងនេសាទសមុទ្រ ៤១) មានសមាជិកសរុបចំនួនជាង ៣៣២ពាន់នាក់ ហើយក្នុងនោះ២៧សហគមន៍កំពុងប្រែក្លាយ ទៅជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ។ កន្លែងអភិរក្សទូទាំងប្រទេសចំនួន ៦៦៥កន្លែង និងស្រះជម្រកត្រី ៨៨៤កន្លែង។ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួន ៩១០ពាន់តោន (ទឹកសាប ៥៣៥ សមុទ្រ១២១ និងវារីវប្បកម្ម ២៥៤)។ ការកែច្នៃទាំងផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន ៨៤ពាន់តោន និងការនាំចេញបាន ១៤ពាន់តោន។

៤៖ មានសហគមន៍ព្រៃឈើចំនួន៦១៤សហគមន៍ គ្របដណ្តប់លើផ្ទៃដីសរុបជាង៥០៨ពាន់ហិកតា ដាំដើមឈើបាន ៣៤៣ហិកតា បានបំពេញទម្រង់បែបបទសុំចុះបញ្ជីដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៣៨ទីតាំង លើផ្ទៃដីទំហំ ២១២ពាន់ហិកតា។ 
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា​ ក្រសួងបានធ្វើការណែនាំឲ្យអនុវត្តនូវវិធានការជាគន្លឹះសំខាន់ៗមួយចំនួនតាមរយៈ វេទិកាសាធារណៈដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានចូលរួមរៀបចំធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីព្រៃឈើ ដោយសហការជាមួយក្រសួងមហាផ្ទៃ៕

ចំនួនអ្នកចូលទស្សនា
Flag Counter