នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការប្រមូលផលដំណាំពោតចំណី សត្វនិងចូលរួមទិវាចម្ការបង្ហាញស្តីពីការប្រើប្រាស់ពូជនិងជីលើផលិតកម្មដំណាំពោតក្រហម នៅភូមិកំពង់ចន្លុះលិច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំពាមជីលាំង មេភូមិ និងប្រជាកសិករដាំពោត សរុបចំនួន ៣៥នាក់ ក្នុងនោះស្រី ១៧នាក់ ដែលឧបត្ថម្ភគាំទ្រដោយ កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC II)របស់ប្រទេសអូស្ត្រាលី។
លោក ដុកសាវឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម
បានជម្រាបពីគោលបំណងនៃការរៀបចំចម្ការពិសោធន៍នេះ
គឺចង់បង្ហាញដល់ប្រជាកសិករអំពីបច្ចេកទេសដាំដុះនិងប្រសិទ្ធភាពនៃការប្រើជី ទៅលើប្រភេទពូជពោតCP៨៨៨និងTF៧២២ ធៀបពូជពោតដ៏ទៃទៀត។ ក្នុងដំណើរការសិក្សាពិសោធន៍នេះ មន្ត្រីជំនាញ បានណែនាំលើការប្រើជី ៣ប្រភេទ គឺ ជីDAP=100គក្រ/ហិកតា ,Urea=140គក្រ/ហិកតា, KCL=140គក្រ/ហិកតា និងដាក់ជា ៣ ដំណាក់កាល ៖
លើកទី១-ពេលរៀបចំដី គឺប្រើជីDAP ទ្រាប់បាត 30គក្រ/ហិកតា
លើកទី២- ពេលពោតមានអាយុកាល ២០ថ្ងៃបន្ទាប់ដាំ គឺប្រើជី DAP 35គក្រ/ហិកតា ជីUrea 70គក្រ/ហិកតា ជីKCL 40គក្រ/ហិកតា
លើកទី៣- ពេលពោតមានអាយុកាល ៤០ថ្ងៃបន្ទាប់ពីដាំ គឺប្រើជី DAP 35គក្រ/ហិកតា ជីUrea 70គក្រ/ហិកតា ជីKCL 100គក្រ/ហិកតា។
ជាលទ្ធផលបង្ហាញថា ការប្រើប្រាស់ជីបន្ថែមលើដំណាំពោត មិនអាចខ្វះបាន បើប្រៀបធៀបពោតដែលមិនបានដាក់ជីបន្ថែម ហើយទទួលបានផលចំណេញច្រើនជាង។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបាន ៖
-ណែនាំដល់កសិករ ត្រូវអនុវត្តការដាំដុះស្របតាមបច្ចេកទេស ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលសន្សំសំចៃទឹក និងត្រូវបន្ថែមសារធាតុចិញ្ចឹមស្របតាមកម្រិតជីនិងដំណាក់កាលលូតលាស់នៃដំណាំពោត
-កសិករត្រូវចងក្រងជាក្រុម ឬសហគមន៍កសិកម្ម ដើម្បីប្រមូលផ្តុំ ពង្រីកទំហំផលិតកម្មដោយមានផែនការច្បាស់លាស់និងងាយផ្សារភ្ជាប់ទៅកាន់ទីផ្សារចុងក្រោយ។
សូមជម្រាបថា ខេត្តត្បូងឃ្មុំ បានដាំពោតចំណីសត្វលើផ្ទៃដីប្រមាណ ១១ ២០៥ហិកតា ក្នុងនោះដាំនៅរដូវវស្សាប្រមាណ ៤ ១៧០ហិកតា នៅស្រុកក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ និងស្រុកមេមត់ និងនៅរដូវប្រាំង ៦ ០៣៥ហិកតា នៅស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។