ផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តអាហ្វិច
ចេញ​ផ្សាយ ០១ មីនា ២០១៩
135

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលចុះពិនិត្យការតាំងលក់សាច់នៅផ្សារក្រុងសួង និងបានដឹកនាំប្រជុំផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តអាហ្វិច លើសត្វជ្រូក និងហានិភ័យជំងឺសត្វនារដូវក្តៅ ដល់មន្រី្តកសិកម្មស្រុក ក្រុង ក្រុមហ៊ុនដឹកជញ្ជូនសត្វ ម្ចាស់កសិកដ្ឋានចិញ្ចឹមសត្វ ម្ចាស់វិនិយោគទីសត្តឃាដ និងអាជីវករដឹកជញ្ជូនសត្វ។

សូមបញ្ជាក់​ថា ​អង្គការ​ស្បៀងអាហារនិង​កសិកម្ម ហៅ​កាត់​ថា FAO បាន​ព្រមាន​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​កើតឡើង​នៅ​ចិន អាច​រីក​រាលដាល​ដល់​ប្រទេស​ផ្សេង ទៀត​នៅ​តំបន់​អាស៊ី​។ អង្គការ​នេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មេរោគ​នេះ​ធន់​ខ្លាំង ហើយ​អាច​រស់នៅ​បាន​យូរ ពោលគឺ​វា​អាច​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ត្រជាក់​ខ្លាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​រស់​នៅ​បាន​ក្នុង​ផលិតផល​សាច់ជ្រូក​ក្រៀម​ផងដែរ​។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បាន​ផ្ទុះ​ខ្លាំង​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ នៅ​អឺរ៉ុបនិង​អាមេរិក​។ ដោយសារ​តែ​មាន​ប្រវត្តិ​នៃ​ការ​ផ្ទុះ និង​ការ​សាយភាយ​នៅ​តំបន់​ផ្សេងៗ​គ្នា​បែបនេះ ទើប​អង្គការ​ស្បៀងអាហារនិង​កសិកម្ម យល់ថា ជំងឺ​នេះ​អាច​រីក​រាល ដាល​ដល់​ប្រទេសជិតខាង ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ឧប ទ្វីប​កូរ៉េ ព្រោះ​ប្រទេស​ក្នុង​តំបន់​ទាំងនេះ​មាន​តម្រូវការ​សាច់ជ្រូក​ខ្ពស់​៕

ចំនួនអ្នកចូលទស្សនា
Flag Counter