ថ្ងៃសៅរ័ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រួមដំណើរជាមួយលោកអភិបាលស្រុកអូររាំងឪ ចុះពិនិត្យការប្រមូលផលបន្លែឆៃថាវរបស់ប្រជាកសិករនៅភូមិដូនទេស ឃុំទួលសុភី ស្រុុកអូររាំងឪ ដែលបានចូលរួមអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឃុំទួលសុភីនិងឃុំគងជ័យ ស្រុកអូររាំងឪ កំពុងឈានមុខក្នុងការដាំដំណាំឆៃថាវ ដោយគាត់ដាំបណ្តាក់គ្នា។ តាមការរាយការណ៍របស់លោកប្រធានការិយាល័យកសិកម្មស្រុកអូររាំងឪ បង្ហាញថា ស្រុកអូររាំងឪមានកសិករចូលរួមអនុវត្តគម្រោង ៤៤ គ្រួសារ ដាំបន្លែសុវត្ថិភាពលើផ្ទៃដី ១៧ហិកតា តាមរយៈការបណ្តុះបណ្តាលនិងចុះណែនាំតម្រង់ទិសបច្ចេកទេសជាប្រចាំពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ ឆៃថាវឆ្នាំនេះមានកសិករដាំបណ្តាក់គ្នា ១០គ្រួសារ លើផ្ទៃដីប្រមាណ ៥,៥ហិកតា សម្រាប់ផ្គត់ផ្គង់រហូតចូលឆ្នាំខ្មែរ។ ទិន្នផលជាមធ្យម ៣០តោន/ហិកតា តម្លៃមធ្យម ១ ០០០រៀល/គក្រ។ បន្លែគ្រប់ប្រភេទ មិនមានជុញនោះទេ។ ឆៃថាវ ត្រូវបានឈ្មួញកណ្តាលប្រមូលទិញយកទៅលក់ក្នុងខេត្ត និងក្រៅខេត្តមួយចំនួននិងមួយចំនួនទៀត ត្រូវបានអ្នកកែច្នៃឆៃប៉ូវក្មុងស្រុកអូររាំងឪ ប្រមូលទិញផងដែរ។
ដោយឡែកអុំ ដួង ឈឿន បានដាំឆៃថាវ លើផ្ទៃដី ១៦អារ ប្រមូលផលបាន ៤តោន លក់បានតម្លៃ ៧០០រៀល/គក្រ(តូចច្រើនជាងធំ)។ ឱកាសនោះ មន្ត្រីជំនាញ បានតម្រង់ទិសបន្ថែមឲ្យកសិករយកចិត្តទុកដាក់រក្សាការប្រើប្រាស់ជីនិងថ្នាំកសិកម្ម តាមបទដ្ឋានបច្ចេកទេស និងរៀបចំប្រព័ន្ធស្រោចស្រពដែលចំណេញពេលវេលា ចំណេញកម្លាំងពលកម្ម និងសន្សំសំចៃទឹក។
លោកអុំ ដួង ឈឿន ក៏បានសំណូមពរដល់ រាជរដ្ឋាភិបាល បញ្ចុះតម្លៃប្រើប្រាស់ចរន្តអគ្គិសនី សម្រាប់បូមទឹកស្រោចស្រពដំណាំបន្លែផងដែរ ដើម្បីកាត់បន្ថយចំណាយដាំបន្លែនេះ។
សូមជម្រាបថា គម្រោងជំរុញផលិតកម្មស្បៀង ខេត្តត្បូងឃ្មុំ បានរៀបចំក្រុមផលិតបន្លែសុវត្ថិភាព ១៩៩ គ្រួសារ នៅក្រុងសួង ស្រុកអូររាំងឪ ត្បូងឃ្មុំ និងស្រុកពញាក្រែក ដែលផលិតបន្លែសុវត្ថិភាពបាន ៣ ១៧០តោន(ឆ្នាំ២០១៨) លើផ្ទៃដី ៥៥ហិកតា។ ដោយឡែកទូទាំងខេត្ត មានផ្ទៃដីដាំបន្លែប្រមាណ ២ ៦០០ហិកតា ដាំទាំងរដូវប្រាំងនិងរដូវវស្សា ដែលអាចផលិតបន្លែគ្រប់ប្រភេទបានប្រមាណ ៥២ ០០០តោន/ឆ្នាំ។