លោកប្រធានមន្ទីរចុះជួបកសិករដាំដំឡូងមីនៅភូមិអណ្តូងជា ឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០១៩
412

ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះជួបកសិករដាំដំឡូងមីនៅភូមិអណ្តូងជា ឃុំជីរោរិ៍ទី២ ស្រុកត្បូងឃ្មុំ ដែលបានថែរក្សាទុកពូជដំឡូងមី សម្រាប់ដាំនៅឆ្នាំនេះ លើផ្ទៃដីជាង១០០ហិកតា។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់កសិករពីបច្ចេកទេសជ្រើសរើសពូជ ថែរក្សាពូជ និងជំងឺលើដំណាំដំឡូងមី ៖

១. ការជ្រើសរើសនិងទុកដាក់ដើមពូជដំឡូងមី ៖
- ត្រូវជ្រើសរើស ដើមពូជដែលមានសុខភាពល្អ គ្មានជំងឺ 
-មានអត្រាចេញពន្លកខ្ពស់ ប្រព័ន្ធឫសល្អ
-ជាពូជដែលធន់ទ្រាំ និងសមស្របទៅនឹងស្ថានភាពភូមិសាស្ត្រដាំដុះក្នុងតំបន់
-ដើមពូជគួរជ្រើសរើសពីដើមដែលមានអាយុពី៨ខែ ទៅ១២ខែ
-ត្រូវរក្សាទុកដើមពូជដំឡូងមីនៅក្នុងម្លប់ដោយប្រើស្ពៃប្រក់ធ្វើជាដំបូល ឬក្រោមម្លប់ឈើ មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់
-ដាក់បញ្ឈរកំណាត់ដើមដំឡូងមីឲ្យគល់ប៉ះផ្ទាល់នឹងដី រួចប្រមូលកំទិចកំទីស្លឹកឈើគ្របជុំវិញគល់ដើម្បីរក្សាដីឲ្យមានសំណើមដែលអាចជួយការពារដើមមិនឲ្យស្ងួតលឿនពេក ចៀសវាងការដាក់បញ្ឈរ និងត្រួតគរគ្នាច្រើនពេកដែលអាចបណ្តាលឲ្យដើមផ្នែកខាងក្នុងឆាប់ងាប់។

២. វិធានការគ្រប់គ្រងជំងឺម៉ូសាអ៉ិចវីរុសលើដំណាំដំឡូងមី ៖
-ត្រូវជ្រើសរើសនិងរក្សាទុកដាក់ដើមពូជដំឡូងមីដែលគ្មានជំងឺសម្រាប់ដំាដុះនៅរដូវបន្ទាប់
-កសិករត្រូវតែមានផែនការក្នុងការរក្សាទុកពូជដោយបង្កើតជាច្បារពូជខ្លួនឯង
-ចុះពិនិត្យចម្ការដំឡូងមីជាប្រចាំ បើសិនឃើញរោគសញ្ញាជំងឺនេះ ត្រូវដកយកទៅដុតចោល និងចាត់វិធានការកម្ចាត់រុយស ដែលជាភ្នាក់ងារចម្លងជំងឺ
-ត្រូវសម្អាតស្មៅឲ្យបានស្អាត និងរៀបចំដីឲ្យបានល្អមុនពេលដាំ
-ត្រូវប្រើប្រាស់ជីឲ្យត្រូវតាមបច្ចេកទេស
-ក្រោយពេលប្រមូលផលត្រូវសម្អាតកាកសំណល់ដំឡូងមី និងស្មៅចង្រៃយកទៅដុតចោលហាលដីមួយរយៈពេលខ្លី ដើម្បីកាត់បន្ថយការចម្លងវីរុសសម្រាប់ការដាំដុះនៅរដូវក្រោយ
-ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរពីជំងឺម៉ូសាអ៊ិច គួរដាំដំណំាផ្សេងជំនួសដូចជាពពួកសណ្តែក ឬពោត នៅរដូវបន្ទាប់ ដើម្បីកាត់ផ្តាច់ជំងឺនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter