ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ អមដំណើរដោយថ្នាក់ ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញ ចុះពិនិត្យនិងក្តាប់បញ្ហាប្រឈមដែលត្រូវដោះស្រាយជូនប្រជាកសិករ សិប្បករ ក្នុងផលិតកម្មពោតក្រហម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងកម្មវិធីចុះពិនិត្យសិប្បកម្មសម្ងួតពោត របស់សិប្បករ សែន ស្រីណា នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ លោកស្រី បានថ្លែងអំណរគុណចំពោះប្រមុខរាជ រដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយ ស្រួលដល់ដំណើរការកែច្នៃសម្ងួតពោត។ បច្ចុប្បន្នសិប្បកម្មលោកស្រី មានសមត្ថភាពសម្ងួតពោតប្រមាណ ៥ ០០០តោនក្នុងមួយឆ្នាំ (២៥តោន/ថ្ងៃ)បានមកពីការប្រមូលទិញ ពីកសិករដៃគូនិងកសិករក្នុងខេត្ត ហើយលក់ចេញទៅ ក្រុមហ៊ុនកែច្នៃចំណីសត្វក្នុងប្រទេស។ ជាមួយគ្នានេះ លោកស្រី បានសំណូមពរឯកឧត្តមរដ្ឋមន្ត្រី ជួយអន្តរាគមន៍ស្នើសុំបញ្ចុះតម្លៃអគ្គិសនីសម្រាប់សិប្បកម្មកែច្នៃ កាត់បន្ថយការនាំចូលពោតពីក្រៅប្រទេស សុំឲ្យមានឥណទានកសិកម្ម ការ ប្រាក់ទាប និងរកពូជពោតដែលមានអាយុកាលខ្លី និងទិន្នផលខ្ពស់។
កម្មវិធីបន្ទាប់ ចុះពិនិត្យការប្រមូលផលពោតដោយម៉ាសុីនច្រូតនិងសំណេះសំណាលកសិករដាំពោត នៅភូមិជីរោទ៍ទី១ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ស្រាវជ្រាវរកប្រភេទពូជដែលសមស្រប ជំរុញឲ្យផលិតកម្មមានកិច្ចសន្យារវាងកសិករជាមួយសិប្បកម្មកែច្នៃ ឬក្រុមហ៊ុនផលិតចំណីសត្វ។ ឯកឧត្តម ក៏បានណែនាំដល់កសិករអំពីទំនើមកម្មកសិកម្ម ដូចជាការរៀបចំដី ការប្រើប្រព័ន្ធសាចទឹកស្រោចស្រព ការដាក់ជី ការប្រមូលផលដោយប្រើម៉ាសុីនច្រូត ការសម្ងួតដោយឡសម្ងួត ជាដើម។
សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំពោតក្រហមប្រមាណ១១ ៦០០ហិកតា ផ្តល់ផលប្រមាណ ៦៩ ៦០០តោនក្នុងមួយឆ្នាំ ក្នុងនោះដាំនៅរដូវវស្សា ៥ ០០០ហិកតា មានក្នុងស្រុកក្រូចឆ្មារ ត្បូងឃ្មុំ អូររាំងឪ ពញាក្រែក និងស្រុកមេមត់ និងដាំនៅរដូវប្រាំង ៦៦ ០០០ហិកតា នៅក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។ រដូវប្រមូលផលខ្លាំង ចាប់ពីចុងខែកុម្ភៈ ដល់ពាក់កណ្តាលខែមីនា ខាងមុខនេះ។