ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហកាជាមួយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំទិវាស្រែបង្ហាញពូជស្រូវខា១៥ ដែលធ្វើបង្ហាញដោយកសិករឈ្មោះ ស្រ៊ុន ស្រេត នៅភូមិដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ០,៤ហិកតា ដែលគាំទ្រថវិកាដោយ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC II)។
តាមរយៈការចុះច្រូតស្ទង់ទិន្នផលស្រូវក្នុងស្រែពិសោធន៍ ៣សំណាក មានទិន្នផលស្រូវសើមជាមធ្យម ៥ ១៤៥ គ.ក្រ/ហិកតា ដែលជាទិន្នផលខ្ពស់អាចធ្វើការផ្សព្វផ្សាយជូនប្រជាកសិករក្នុងការផលិតនូវពូជស្រូខា១៥នេះ។
ក្នុងនោះដែរមន្ត្រីបច្ចេកទេសបានណែនាំពីការរៀបចំដី និងថែរក្សាជីវជាតិដី ការប្រើប្រាស់ជី និងផ្សព្វ ផ្សាយពីការប្រើប្រាស់ ការទុកដាក់និង បន្សុទ្ធពូជ ដើម្បីឲ្យចរាចរណ៍ពូជខា១៥នេះឲ្យបានទូលំ ទូលាយនិងផ្សារភ្ជាប់ទៅនឹងទីផ្សារ។
សូមជម្រាបជូនថា ពូជស្រូវខា១៥ ជាពូជស្រូវបង្កាត់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លក្ខណៈពិសេសៗរបស់ពូជស្រូវស្រាលខា១៥ មានដូចជា ពូជស្រូវខា១៥ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ពូជនេះអាចចេញផ្កាបានគ្រប់ពេលវេលា ដរាប ណាលក្ខណៈដាំដុះអំណោយផល មានអាយុកាលចាប់ពីថ្ងៃសាបដល់ពេលប្រមូលផលគឺពី៩៥ -១០ ថ្ងៃ កម្ពស់ដើម ១០០ស.ម និងចំនួនបែកគុម្ព ៥- ១០ដើមក្នុងមួយគុម្ព និងអាចផ្តល់ផលពី ៤ ទៅ ៧.៤តោន/ហិកតា អង្កររលូនវែង មានប្រវែង ៧.០ ម.ម ពូជស្រូវខា១៥មានភាពធន់មធ្យមទៅនឹងការ បំផ្លាញរបស់ពពួកមមាចត្នោត។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ម្ចាស់ រោងម៉ាស៊ីនកិនស្រូវ ឈ្មួញប្រមូលទិញស្រូវ លោកមេឃុំ មេភូមិ សហគមន៍កសិកម្ម ផលិតគ្រាប់ពូជ ចំណី ប្រជាកសិករនូវចំណុចមួយចំនួនដូចតទៅ ៖
១-សូមងាកមកប្រើពូជស្រូវខា១៥នេះ ព្រោះជាពូជស្រូវបាយទន់ល្អ មានអាយុកាលខ្លី មិនប្រកាន់រដូវ មានទីផ្សារនិងតម្លៃល្អប្រសើរជាងពូជចម្រុះ
២-ផលិតពូជដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ពូជដល់កសិករក្នុងតំបន់
៣-ត្រូវយកចិត្តទុកដាក់លើការថែទាំ កម្ចាត់ស្មៅ ប្រើជីស្របតាមបទដ្ឋានបច្ចេកទេស
៤-មិនត្រូវធ្វើការដាំដុះស្រូវរដូវប្រាំងជាលើកទី២ ចំពោះតំបន់ឆ្ងាយពីប្រភពទឹក ត្រូវសន្សំសំចៃទឹក ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥-សូមលោកក្រុមប្រឹក្សាឃុំ តាមដានជាប្រចាំស្ថាន ភាពទឹករដូវប្រាំងនេះ និងរាយការណ៍ជាបន្ទាន់ទៅថ្នាក់ដឹកនាំ។