នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរដែនដីស្រុកមេមត់ មេឃុំរំចេក មេភូមិ និងមន្ត្រីកសិកម្មស្រុកមេមត់ ផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺម៉ូសាអ៉ិច លើដំណាំដំឡូងមីនិងណែនាំពីវិធានការកម្ចាត់និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺលើផលិតកម្មដំណាំដំឡូងមី។
ម៉ូសាអុិច ជាជំងឺបង្កឡើងដោយវីរុស ដែលមានវត្តមាននៅក្នុងដើមពូជដំឡូងស្រាប់ វាមិនមានថ្នាំព្យាបាលទេ ហើយមានការឆ្ងងរាលដាលយ៉ាងឆាប់ រហ័សតាមរយៈវត្តមានរុយសនៅក្នុងចម្ការតែម្តង។ ដំឡូងមីដែលរងជំងឺម៉ូសាអុិច មិនត្រឹមតែថយចុះទិន្នផលនោះទេ ថែមទាំងធ្វើឲ្យកម្រិតជាតិម្សៅ(DC)
ថយចុះផងដែរ។
ចំពោះមុខនេះ យើងសង្កេតឃើញជំងឺម៉ូសាអុិចនេះ កើតលើដំឡូងមីពូជដែលមានត្រួយស ចំណែកពូជត្រួយពណ៏ស្វាយ មានភាពធន់ខ្លាំងជាង។
បន្ទាប់ពីស្តាប់ការបកស្រាយបង្ហាញអត្តសញ្ញាណនៃជំងឺនិងការទស្សនាវីដេអូខ្លីៗ របស់មន្ត្រីជំនាញ លោកប្រធានមន្ទីរ បានណែនាំនូវវិធានការកម្ចាត់និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺម៉ូសាអុិចដូចតទៅ ៖
- ត្រូវពិនិត្យឲ្យបានច្បាស់លាស់ក្នុងការជ្រើសពូជដែលមិនមានរោគសញ្ញានៃជំងឺម៉ូសាអ៉ិច(ស្លឹកមិនរួញ) ដោយរកពូជដែលធន់នឹងជំងឺ
- កសិករ ត្រូវរក្សាទុកពូជដែលគ្មានជំងឺក្នុងចម្ការដោយខ្លួនឯង ជៀសវាងមន្ទិលសង្ស័យ។ ពូជដែលដែលកាត់ពីចម្ការមករក្សាទុក មិនត្រូវលើសពីរយៈពេល ថ្ងៃទេ បើមិនដូច្នេះពូជដំឡូងនឹងខ្សោយសុខភាព
- កសិករត្រូវព្យាយាមចុះពិនិត្យចម្ការឲ្យបានញឹក ញាប់ ទប់ស្កាត់និងកម្ចាត់ភ្នាក់ងារចម្លងជំងឺម៉ូសាអ៉ិច (រុយស)។ មិនមានថ្នាំព្យាបាលជំងឺម៉ូសាអុិចទេ តែកសិករអាចប្រើថ្នាំកម្ចាត់
រុយស បាន។ កសិករ ត្រូវអនុវត្តវិធានការកម្ចាត់រុយសព្រមគ្នា ទប់ស្កាត់ការហើរគេចពីមួយកន្លែងទៅមួយកន្លែង ពេលសាបជាតិថ្នាំត្រឡប់មកវិញដដែល
- កសិករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការដាំ ដុះដំឡូងមីក្នុងកំឡុងខែមីនា មេសា ខាងមុខនេះ ព្រោះអាចប្រឈមនឹងភាពក្តៅហួតហែងខ្លាំង បណ្តាលឲ្យពូជដំឡូងមិនមានដំណុះ ត្រូវចំណាយប្រាក់កាសទិញពូជច្រើនដង មកដាំជាថ្មី។
ការផ្សព្វផ្សាយនេះធ្វើនៅឃុំរំចេក ស្រុកមេមត់ ដែលមានអ្នកចូលរួម ៤២នាក់ ក្នុងនោះស្រី ៧នាក់។