ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហកាជាមួយអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំទិវាស្រែកសិករលើការប្រមូលផលពូជស្រូវខា១៥ ដែលធ្វើបង្ហាញដោយកសិករឈ្មោះ អោក សំអឿន នៅភូមិតាត្រាវ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ លើផ្ទៃដី ០,៥ហិកតា ដែលគាំទ្រដោយ កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា(CAVAC II)។
តាមរយៈការចុះច្រតស្ទង់ទិន្នផលស្រូវក្នុងស្រែពិសោធន៍ ៣សំណាក មានទិន្នផលជាមធ្យម ៥.៤ តោន/ហិកតា ដែលជាទិន្នផលខ្ពស់អាចធ្វើការផ្សព្វ ផ្សាយជូនប្រជាកសិករក្នុងការផលិតនូវពូជស្រូវក្រអូបខា១៥នេះ។
ក្នុងនោះដែរមន្ត្រីបច្ចេកទេសបានណែនាំពីការរៀបចំដីនិងថែរក្សាជីវជាតិដី និងផ្សព្វផ្សាយពីការប្រើប្រាស់ ការទុកដាក់និង បន្សុទ្ធពូជ ដើម្បីឲ្យចរាចរណ៍ពូជខា១៥នេះឲ្យបានទូលំទូលាយនិងផ្សារភ្ជាប់ទៅនឹងទីផ្សារ។
សូមជម្រាបជូនថា ពូជស្រូវខា១៥ ជាពូជស្រូវបង្កាត់ដោយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានសំណូមពរដល់លោកក្រុម ប្រឹក្សាឃុំ មេភូមិ អ្នកប្រមូលទិញស្រូវ និងប្រជា កសិករ នូវចំណុចមួយចំនួនដូចតទៅ ៖
១-សូមងាកមកប្រើពូជស្រូវខា១៥នេះ ព្រោះជាពូជស្រូវបាយទន់ល្អ មានអាយុកាលខ្លី មិនប្រកាន់រដូវ មានទីផ្សារនិងតម្លៃល្អប្រសើរជាងពូជចម្រុះ
២-ផលិតពូជដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ពូជដល់កសិករក្នុងតំបន់
៣-ត្រូវយកចិត្តទុកដាក់លើការថែទាំ កម្ចាត់ស្មៅ ប្រើជីស្របតាមបទដ្ឋានបច្ចេកទេស
៤-មិនត្រូវធ្វើការដាំដុះស្រូវរដូវប្រាំងជាលើកទី២ ចំពោះតំបន់ឆ្ងាយពីប្រភពទឹក ត្រូវសន្សំសំចៃទឹក ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥-សូមលោកក្រុមប្រឹក្សាឃុំ តាមដានជាប្រចាំស្ថាន ភាពទឹករដូវប្រាំងនេះ និងរាយការណ៍ជាបន្ទាន់ទៅថ្នាក់ដឹកនាំ។