កសិករ ហាន សុខមឿន ដាំបន្លែ ៤មុខ ក្នុងមួយថ្ងៃប្រមាណ ២០០ ០០០រៀល
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
125

ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងតម្រង់ទិសក្រុមកសិករ ផលិតបន្លែសុវត្ថិភាពនៃគម្រោងជំរុញផលិតកម្មស្បៀងនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន ៣ គ្រួសារ ដែលកំពុងដាំឆៃថាវ ត្រកួន សណ្តែកកួរ ម្ទេសប្លោក ម្ទេសដៃនាង។

កសិករ ទី គា ដាំឆៃថាវលើផ្ទៃដី ០,៨ហិកតា ទទួលផលបាន ៣៦តោន(ទិន្នផល ៤៥តោន/ហិកតា) លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ។ ដោយឡែកកសិករ ហាន សុខមឿន ដាំបន្លែ ៤មុខ លើទំហំដី ០,៤ហិកតា គាត់អាចរកចំណូល បានជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃប្រមាណ ២០០ ០០០រៀល។ ដោយឡែកកសិករ សំ សារ៉ាន កំពុងតែដាំឆៃថាវលើ ផ្ទៃដី ០,៥ហិកតា។ កសិករទាំង ៣គ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយ ដោយការដំណាំមានការលូតលាស់ល្អ ហើយតម្លៃសមរម្យ ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយផ្តល់សម្ភារនិងទុនមួយចំនួន ព្រមទាំងមានមន្ត្រីជួយបណ្តុះបណ្តាលបច្ចេកទេសនិងចុះណែនាំជាប្រចាំ។ ឆ្លៀតឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់ការណែនាំបន្ថែមមួយចំនួនដូចតទៅ ៖
១-សូមបងប្អូនប្រជាកសិករ ពិភាក្សាក្នុងក្រុមជាប្រចាំ ដើម្បីរៀបចំផែនការដាំដុះនិងសិក្សាពីតម្រូវការទីផ្សារ ឲ្យច្បាស់លាស់។
២-ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដាំដុះ ការប្រើប្រាស់ធាតុចូលកសិកម្ម ជាពិសេសអនុវត្តឲ្យបានតាមគោលការណ៍ អនុវត្តកសិកម្មល្អ(GAP) ដែលធានាសុវត្ថិភាពសម្រាប់ខ្លួនឯងផង សម្រាប់អ្នកបរិភោគបន្លែផង។
៣-ត្រូវសន្សំសំចៃទឹក ក្នុងការស្រចស្រពបន្លែ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការសន្សំសំចៃទឹកក្នុងរដូវប្រាំងឆ្ន២០១៩នេះ។

សូមជម្រាបជូនថា ក្រុមផលិតបន្លៃសុវត្ថិភាពភូមិទំនាប នេះ មានសមាជិក ១៦គ្រួសារ កំពុងដាំបន្លែលើផ្ទៃដី ៨ហិកតា ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពជាតំណក់ទឹក ប្រព័ន្ធសាចពីក្រោម និងប្រព័ន្ធសាច ខាងលើ ដែលអាចសន្សំទឹក បានមួយកម្រិតដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter