ទិវាបង្ហាញពូជស្រូវខា១៥ (ដំណាក់កាលចេញកួរ) ផ្សារភ្ជាប់ជាមួយបច្ចេកទេសប្រើប្រាស់ជី
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០១៩
134

ទិវាបង្ហាញពូជស្រូវខា១៥ (ដំណាក់កាលចេញកួរ) ផ្សារភ្ជាប់ជាមួយបច្ចេកទេសប្រើប្រាស់ជីផងដែរ ដល់កសិករ ៣០នាក់ នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ក្រោមកិច្ចសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ជាមួយអគ្គនាយកដ្ឋានកសិកម្ម គាំទ្រថវិកាពី កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា របស់អូស្ត្រាលី នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩នេះ។

ប្រជាកសិករបានមានចំណាប់អារម្មណ៍ទៅលើការដុះលូតលាស់ ភាពធន់អាកាសធាតុ ជំងឺ សត្វល្អិត និងចំនួនគ្រាប់ស្រូវ ហើយសន្និដ្ឋានថា ទិន្នផលនឹងល្អប្រសើរ
ឱកាសនោះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសំណូមពរដល់លោកមេឃុំមៀននិងប្រជាកសិករមួយចំនួនដូចតទៅ ៖
១-សូមងាកមកប្រើពូជស្រូវខា១៥នេះ ព្រោះជាពូជស្រូវក្រអូប មានអាយុកាលខ្លី មិនប្រកាន់រដូវ និងមានទីផ្សារនិងតម្លៃល្អប្រសើរជាងពូជចម្រុះ
២-ផលិតពូជដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់ពូជដល់កសិករក្នុងតំបន់
៣-ត្រូវយកចិត្តទុកដាក់លើការថែទាំ កម្ចាត់ស្មៅ ប្រើជីស្របតាមបទដ្ឋានបច្ចេកទេស
៤-មិនត្រូវធ្វើការដាំដុះស្រូវរដូវប្រាំងជាលើកទី២ ចំពោះតំបន់ឆ្ងាយពីប្រភពទឹក ត្រូវសន្សំសំចៃឳទឹក ស្របតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៥-លោកមេឃុំត្រូវតាមដានជាប្រចាំស្ថានភាពទឹករដូវប្រាំងនេះ។

សូមជម្រាបជូនថា ស្រុកអូររាំងឪ មានផ្ទៃដីដាំដុះស្រូវរដូវប្រាំង ១ ៣៥០ហិកតា ដែលមកដល់ថ្ងៃនេះច្រូតប្រមូលផលបាន ៦០០ហិកតាហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter