ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ ចុះពិនិត្យការដាំដុះនិងប្រមូលផលបន្លែរបស់កសិករ នៅភូមិរកាធំនិងភូមិជីរោទិ៍ក្រោម ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ។ ពិនិត្យជារួម បន្លែឆ្នាំនេះ មានតម្លៃល្អប្រសើរជាងឆ្នាំ២០១៧ ២០១៨ ក្នុងនោះតម្លៃម្ទេសប្លោកចុងដៃនេះមធ្យម 2 000៛/kgនិងតម្លៃប៉េងប៉ោះ ប្រមាណ 1 200៛/kg។
ទោះបីទទួលបានទិន្នផលនិងតម្លៃល្អប្រសើរ តែការដាំដុះនៅជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖
-ការរលួយឬសនិងពពួករុយសជញ្ជក់ស្លឹក
-កត្តាស្មៅចង្រៃច្រើន
-ការចំណាយលើថ្លៃដើមផលិតកម្មខ្ពស់
-តម្លៃមានការប្រែប្រួលឆាប់រហ័ស។
ឆ្លើយតបបញ្ហាប្រឈមនេះ ក្រុមការងារបានពន្យល់ណែនាំដល់កសិករដូចខាងក្រោម ៖
-កសិករត្រូវយកចិត្តទុកដាក់លើការរៀបចំដីឲ្យបានល្អ និងចាត់វិធានការការពារកត្តាចង្រៃមុនធ្វើការដាំដុះ
-ត្រូវអនុវត្តការដាំដុះដោយប្រើកៅស៊ូគ្រប ដែលទប់ស្កាត់បានការទន្ទ្រានពីពពួកស្មៅចង្រៃ ដែលជាជម្រកពពួកសត្វល្អិតបំផ្លាញដំណាំនិងដណ្តើមសារធាតុចិញ្ចឹមពីដំណាំ
-ប្រើទុយោតំណក់សម្រាប់បម្រើឲ្យការស្រោចស្រព ដែលអាចគ្រប់គ្រងលើការប្រើប្រាស់ទឹក កាត់បន្ថយភាពរវល់ និងកាត់បន្ថយបរិមាណទឹកស្រោចស្រព -ត្រូវប្រើប្រាស់ជីបំប៉នតាមបទដ្ឋានបច្ចេកទេស ស្របនឹងដំណាក់កាលលូតលាស់និងបង្កើតផលរបស់ដំណាំ
-ត្រូវប្រើថ្នាំកសិកម្មដែលមានការទទួលស្គាល់ពីក្រសួងមានសមត្ថកិច្ច មានបកប្រែជាភាសាខ្មែរ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសដែលមានសរសេរលើសំបកកញ្ចប់។ ប្រើតែថ្នាំកសិកម្ម ដែលមានវ័ណ្ឌពណ៌បៃតង ដើម្បីទទួលបានបន្លែដែលមានសុវត្ថិ ភាព
-ត្រូវព្យាយាមធ្វើជីកំប៉ុស្ត៍ទឹក កំប៉ុស្តិ៍គោក និងថ្នាំផ្សំបែបធម្មជាតិ ដើម្បីកាត់បន្ថយការប្រើជីនិងថ្នាំពុលកសិកម្ម ដែលរួមចំណែកកាត់បន្ថយថ្លៃដើមផលិត -ត្រូវចងក្រងជាក្រុម ឬ សហគមន៍កសិកម្ម ក្នុងការដាំដុះបន្លែនិងធ្វើផែនការដាំដុះច្បាស់លាស់ ជៀស វាងការដាំជាន់គ្នា បង្កឲ្យមានភាពជុញ និងត្រូវបន្ថោកតម្លៃតាមអំពើចិត្ត
-ត្រូវសិក្សាពីតម្រូវការទីផ្សារ មុនធ្វើការដាំដុះ។