ពិនិត្យការធ្វើបង្ហាញប្រសិទ្ធភាព គុណភាព ភាពធន់នឹងអាកាសធាតុ កត្តាចង្រៃ លើពូជពោតហៃប្រ៊ីត
ចេញ​ផ្សាយ ២៨ មករា ២០១៩
103

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក អ៊ុក មករា នាយកវិទ្យស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា នាយកអង្គការKOPIA និងមន្ត្រីជំនាញ បានចុះពិនិត្យការធ្វើបង្ហាញប្រសិទ្ធភាព គុណភាព ភាពធន់នឹងអាកាសធាតុ កត្តាចង្រៃ លើពូជពោតហៃប្រ៊ីត ដែលកំពុងសាកល្បងពិសោធន៍ដោយមន្ត្រីជំនាញអគ្គនាយកដ្ឋានកសិកម្ម នៅភូមិជីរោទិ៍ក្រោម ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩។

តាមការរៀបរាប់របស់លោក នៅ ថុង មន្ត្រីជំនាញទទួលបន្ទុកតាមដានការស្រាវជ្រាវ ពិសោធន៍ និងប្រជាកសិករទទួលធ្វើបង្ហាញ បានបង្ហាញពីសញ្ញាណវិជ្ជមានលើពូជពោតនេះ ដោយមានភាព ធន់នឹងអាកាសធាតុ កត្តាចង្រៃ អាយុកាលខ្លី គ្រាប់ធំ ផ្លែធំ សាច់ពេញ ដើមរឹងមាំ ទិន្នផលអាចទទួលយកបាន។

ឆ្លើយតបសមិទ្ធផលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានកោត សរសើរចំពោះលោក នៅ ថុង ដែលបានប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំនិងអរគុណដល់ប្រជាកសិករដែលបានស្ម័គ្រចិត្ត រួមសហការជាមួយលោក នៅ ថុង អស់រយៈពេល៣ឆ្នាំមកនេះ។ ឯកឧត្តម ក៏បានសំណូមពរដល់អគ្គ នាយកដ្ឋានកសិកម្មនិងវិទ្យស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គការ KOPIA បន្តគាំទ្រនិងជំរុញការងារនេះឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កានាពេលខាងមុខដ៏ខ្លីនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter