នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយលោកមេឃុំអញ្ចើម មេភូមិពោធិរោង ចុះពិនិត្យស្ថានភាពស្រូវរដូវប្រាំង លើផ្ទៃដីចំនួន ១២០ហិចតា របស់កសិករនៅភូមិពោធិរោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដែលកសិករបានចាប់ពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយប្រើប្រាស់ប្រភពទឹកពីទស្សិណវត្តអង្គរក្នុង។ តាមការពិនិត្យរបស់មន្ត្រីជំនាញ ស្រូវមានការលូតលាស់ល្អ ប៉ុន្តែមានស្រូវមួយចំនួនតូច កំពុងរងផលប៉ះពាល់ពីមមាចត្នោតនិងដង្កូវមូរស្លឹក ។
ចំពោះស្ថានភាពកត្តាចង្រៃនេះ និងក្នុងទិសដៅពង្រីកដំណាំស្រូវរដូវប្រាំងក្នុងភូមិសាស្ត្រនេះ លោកប្រធានមន្ទីរ បានផ្តល់ការណែនាំមួយចំនួន ៖
-សូមលោកមេឃុំ មេភូមិ រៀបចំអញ្ជើញកសិករជួបជាមួយមន្ត្រីជំនាញក្នុងសប្តាហ៍នេះ ឬ យ៉ាងយូរដើមសប្តាហ៍ក្រោយ ដើម្បីទទួលការណែនាំពីវិធីសាស្ត្រការពារ ទប់ស្កាត់ កម្ចាត់ពពួកមមាចត្នោតនិងដង្កូវមូរស្លឹកលើដំណាំស្រូវ
-សូមឲ្យកសិករធ្វើការដាំដុះស្រូវព្រមគ្នា(ពេលវេលាទន្ទឹមគ្នា) ដើម្បីងាយគ្រប់គ្រងលើកត្តាចង្រៃនិងបង្កើនតម្លៃទិផ្សារស្រូវ(ច្រូតបានព្រមគ្នា)
-កសិករត្រូវរៀបចំចងក្រងជាក្រុមឬសហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការកំណត់ពេលវេលាដាំដុះ គុណភាព និងតម្លៃកសិផលរបស់កសិករ ក្នុងមូលដ្ឋាន
-កសិករត្រូវមានផែនការផលិតពូជស្រូវដោយខ្លួន ឯងលើផ្ទៃដីមួយចំណែកណានោះ ដើម្បីជៀសវាងការទិញពូជពីក្រៅតម្លៃខ្ពស់និងមិនច្បាស់លាស់លើគុណភាព។