ព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី សហការជាមួយលោកអភិបាលស្រុកពញាក្រែក បានជួបសំណេះសំណាលជាមួយក្រុមកសិករផលិតកម្មដំណាំបន្លែសុវត្ថិភាព ពញាក្រែករុងរឿង ១៥គ្រួសារ នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៃគម្រោងជំរុញផលិតកម្មស្បៀង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានប្រគល់ទុយោតំណក់ទឹកស្រោចដំណាំ ដែលមានលក្ខណ: សន្សំសំចៃទឹក និងប្រគល់ថវិកាឧបត្ថម្ភធន់របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងការជួបសំណេះសំណាលនេះ លោកប្រធានមន្ទីរបាន៖
-បង្ហាញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះជីវភាពរស់នៅរបស់កសិករ ក្នុងការចូល រួមអនុវត្តបច្ចេកទេសកសិកម្មថ្មី ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ការចំណាយទៅលើកាប្រើប្រាស់ថ្នាំពុលកសិកម្ម និងការសន្សំសំចៃទឹក បច្ចេកទេសធន់ទៅនិងការប្រែប្រួលអាកាសធាតុ
-ណែនាំឲ្យកសិករចងក្រងជាក្រុម ឫសហគមន៍កសិកម្ម ដើម្បីរៀបចំផែនការ ផលិតកម្មត្រឹមត្រូវមានស្តង់ដារ ដែលឆ្លើយតបតម្រូវការរបស់ទីផ្សារ
-ត្រូវពង្រឹងក្រុមកសិករ ឫសហគមន៍កសិកម្ម ឲ្យមានភាពរឹងមាំ ដែលធានាបាននិរន្តរភាពទីផ្សារ និងតម្លែក្នុងទីផ្សារ។