លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យខ្សែច្រវ៉ាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់សហគ្រាសវិថី (ខេមបូឌា) ឃែស៊ូណាត់ ខូអិលធីឌី នៅភូមិទ្រៀក ឃុំទ្រៀក ស្រុកមេមត់ ។
តាមការឲ្យដឹកពីលោក ម៉េង ត្រៃ ប្រធានសហគ្រាសបានឲ្យដឹងថា សហគ្រាសបានចាប់ដំណើរការនៅខែឧសភា ឆ្នាំ ២០១៨ ដោយដាក់ទុនវិនិយោគប្រមាណជាង ២.៥លានដុល្លារ។ ជាមធ្យមក្នុង១ខែប្រើប្រាស់វត្ថុធាតុដើមប្រមាណពី ១៥០- ២០០តោន ដែលប្រមូលទិញពីកសិករក្នុងតំបន់នេះ ក្នុង១ខែអាចធ្វើការកែច្នៃបានពី៩០-១៥០តោន ហើយក្នុង១ឆ្នាំអាចកែច្នៃគ្រាប់ស្វាយចន្ទីស្រស់បាន ៧០០តោន។ ក្នុងរយ:ពេល ៦ខែចុង ឆ្នាំ២០១៨ សហគ្រាស បាននាំចេញទៅកាន់ទីផ្សារអារ៉ាប់លំដាប់ទី១ ចិនផងដែរបានចំនួន ១០០តោន ហើយគ្រោងធ្វើការកែច្នៃឲ្យបាន ២០០០តោនក្នុង១ឆ្នាំ។
បន្ទាប់ពីបានពិនិត្យគ្រប់ខ្សែច្រវ៉ាក់ផលិតកម្មរួចមក ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈនៃការដាក់ទុនវិនិយោគ ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើមដ៏មានតម្លៃខាង សេដ្ឋកិច្ចមួយនេះ បន្ទាប់ពីដំឡូងមី ពីព្រោះការវិនិយោគនេះបានស្រូបយកផលិតផលក្នុងស្រុក កាត់បន្ថយលំហូរចេញដែលធ្វើឲ្យបាត់បង់តម្លៃបន្ថែមយ៉ាងច្រើន និងជួយបង្កើតការងារជូនពល រដ្ឋនៅមូលដ្ឋាន កាត់បន្ថយចំណាកស្រុក សមស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ជាលក្ខណៈបច្ចេកទេស ឯកឧត្តម បានណែនាំដល់នាយកសហគ្រាសឲ្យយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពបុគ្គលិក កម្មករ ស្តង់ដារផលិត អនាម័យ គុណភាព និងសុវត្ថិភាពផលិតផល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ហើយកិច្ចការនេះត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តឲ្យបានល្អប្រសើរ។