ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស
២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមទិវាចម្ការបង្ហាញបច្ចេកទេសពី " ការប្រើពូជនិងជីលើដំណាំដំឡូងមី " ដែលរៀបចំដោយការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្តត្បូងឃ្មុំ គាំទ្រថវិកាដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា របស់អូស្ត្រាលី នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បុងឃ្មុំ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំទ្រៀក តំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ប្រជាកសិករ សរុប ៤៣នាក់ ក្នុងនោះស្រី ១៩នាក់។
ការធ្វើចម្ការបង្ហាញនេះ បានអនុវត្តលើពីរប្លង់ដីដែលមានទំហំ០,៥ហត ក្នុងមួយប្លង់ ប្រើពូជពីរប្រភេទផ្សេងគ្នា គឺពូជKU50និងពូជHLS11។ ក្នុងការដាំនេះ មន្ត្រីជំនាញបានឲ្យកសិករប្រើបច្ចេកទេសដាំតាមទម្លាប់របស់កសិករ គ្រាន់តែមានការបន្ថែមជី 15-15-15 ពីរដង ដែលម្តង 100គក្រ ក្នុងមួយហិកតា។
ជាលទ្ធផលបង្ហាញថា
-ពូជKU50 មិនមានជំងឺម៉ូសាអុិចទេ តែHLS11 មានឆ្លងនូវជំងឺម៉ូសាអុិច
-ពូជKU50 ផ្តល់ទិន្នផល ២៥ត/ហត ចំណេញ ៥ ៦៩០ ០០០រៀល/ហត HLS11 ផ្តល់ទិន្នផល ២៦ត/ហត ចំណេញ ៥ ៨២៩ ២៥០រៀល/ហត
-ទទួលបានទិន្នផលខ្ពស់ជាងដាំតាមទម្លាប់មិនប្រើជី ដែលពីមុនមានទិន្នផលប្រមាណ១៩ត/ហត។
ជាមួយលទ្ធផលនេះ លោកប្រធានមន្ទីរ បានណែនាំតម្រង់ទិសមួយចំនួនដូចតទៅ ៖
-ពូជដំឡូងជាកត្តាសំខាន់ ជៀសវាងយកពូជដែលមានជំងឺស្រាប់មកដាំដែលធ្វើឲ្យដំឡូងមានទិន្នផលថយចុះនិងកម្រិតជាតិម្សៅទាប
-កសិករត្រូវរក្សាទុកច្បារពូជនៅផ្នែកណាមួយនៃចម្ការយ៉ាងហោច១/១០នៃផ្ទៃដី សម្រាប់ជាពូជនៅរដូវបន្ទាប់ និងចំណាយដើមទុនផលិតកាន់តែច្រើន
-កសិករត្រូវយកចិត្តទុកដាក់ថែទាំដំឡូងជាប្រចាំព្រមទាំងដាក់បន្ថែមនូវសារធាតុចិញ្ចឹម(ជី) ស្របតាមបច្ចេកទេស ដើម្បីជួយបង្កើនទិន្នផលដោយជីត្រូវកប់ក្នុងដីឲ្យបានល្អ មិនអាចបាចលើដីបាននោះទេ
-ជំងឺម៉ូសាអុិចគ្មានថ្នាំព្យាបាលនោះទេ តែយើងអាចប្រើថ្នាំកម្ចាត់ពពួករុយស ដែលជាភ្នាក់ចម្លងជំងឺដ៏ឆាប់រហ័ស
-កសិករត្រូវរៀបចំក្រុមផលិតឬសហគមន៍កសិកម្ម ដើម្បីប្រុមូលផ្តុំផលិតផលនិងមានអំណាចចចារជាមួយអ្នកបញ្ជាទិញ រក្សាស្ថិរភាពទីផ្សារនិងតម្លៃ
-សម្រាប់ស្ថានភាពចំពោះមុខនេះ នារដូវបន្ទាប់ កសិករគួរចូលរួមជ្រើសរើសយកពូជKU50 ដែលមានត្រួយពណ៌ក្រហម ឬស្វាយ មកដាំ ព្រោះធន់ជំងឺផង និងរួមចំណែកលុបបំបាត់ជំងឺម៉ូសាអុិច ជាបណ្តើរៗ ឲ្យអស់ផងដែរ។