នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានកសិកម្ម អមដំណើរដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានចូល រួមជាគណៈអធិបតីក្នុងទិវាចម្ការកសិករស្ដីពីការគ្រប់គ្រងជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនៃគម្រោង TCP/CMD/3604 ដែលបានប្រព្រឹត្តិទៅនៅភូមិក្បាលបឹងសេះកើត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ។ ទិវាចម្ការនេះ មានការអញ្ជើញចូល រួមពីដៃគូសហការអភិវឌ្ឍន៍វិស័យកសិកម្មដូចជា តំណាងអង្គការ FAO មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត អាជ្ញាធរស្រុក និងកសិករចំនួន ១៨០នាក់។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានធ្វើសេចក្តីរាយការណ៍ជូនគណៈអធិបតីនិងអង្គពិធីទាំងមូលនៃទិវាចម្ការកសិករថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំដំណាំដំឡូងមី ៥៣ ០០០ហិកតា ក្នុងក្រុង ស្រុកទាំង ៧។ ឆ្នាំ២០១៨នេះ តម្លៃដំឡូងមី ល្អ ក្នុងរង្វង់ ៤០០រៀល/គ.ក្រ ដែលធ្វើឲ្យប្រជាកសិករមានការសប្បាយចត្តិ។ ទន្ទឹុំមគ្នានេះដែរ មន្ទីរ បានសង្កេតឃើញដំឡូង មីប្រភេទត្រួយស ទទួលរងនូវជំងឺម៉ូសាអ៊ិក(រួញស្លឹក) ដែលជាជំងឺមួយប្រភេទមិនមានថ្នាំព្យាបាល ហើយបណ្តាលឲ្យដំឡូងមានការលូតលាស់យឺត មើមតិច កម្រិតជាតិម្សៅ(ដេសេ)ទាប។ កត្តាបង្កឲ្យមានជំងឺនេះ ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា បណ្តាលមកពីការប្រើពូជដែលមានផ្ទុកជំងឺស្រាប់ និងកង្វះការថែទាំបណ្តាលឲ្យជំងឺរាលដាល តាមរយៈភ្នាក់ងារចម្លងជំងឺ គឺសត្វរុយស។ ជាទម្លាប់កសិករ មិនសូវរក្សាទុកពូជដោយខ្លួនឯងនោះទេ។ ចំណែកដំឡូងមីត្រួយពណ៌ស្វាយឬពណ៌ ក្រហម មិនមានលេចចេញរោគសញ្ញាជំងឺនេះទេ។ តាមការសង្កេត តាមដាន ទិន្ន ផលដំឡូងមី មានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការថយចុះនូវជីជាតិដី ដែលទាមទារឲ្យកសិករត្រូវធ្វើការដាំដុះត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដូចជា ការជ្រើសរើសពូជ ការកាត់កំណាត់ដើមពូជ បច្ចេកទេសរៀបចំដីនិងដាំ ការប្រើជីបំប៉ន ការថែទាំ ការប្រមូលផល ជាដើម។ ក្នុងឆ្នាំនេះ មន្ទីរសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម គាំទ្រថវិកាដោយFAO ធ្វើបង្ហាញ ៦កន្លែង នៅស្រុកត្បូងឃ្មុំ តំបែរ និងស្រុកមេមត់។
ក្នុងឱកាសនោះ ឯកឧត្តមប្រតិភូ បានគូស បញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាមានផ្ទៃដីផលិតកម្មដំឡូងមីប្រមាណ ៦១ ម៉ឺនហិកតា ដែលទទួលបានបរិមាណផលប្រមាណ ១៣,៨២លានតោន និងនាំ ចេញគិតជាទឹកប្រាក់ប្រមាណ ៦៧៥ លានដុល្លារ។ បច្ចុប្បន្ននេះ មានបញ្ហាមួយបាននិងកំពុងកើតឡើងគឺការផ្ទុះឡើងនូវ ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមីក្នុងខេត្តចំនួន១០នៅប្រទេសកម្ពុជា។ ដូច្នេះវិធាន ការលុបបំបាត់ជំងឺនេះត្រូវធ្វើឱ្យបានឆាប់ រហ័ស និងមានប្រសិទ្ធភាពបំផុត ពីព្រោះជំងឺនេះអាចធ្វើឱ្យទិន្នផលថយចុះយ៉ាង ច្រើនហើយកម្រិតជាតិម្ស៉ៅក៏ថយចុះផងដែរ។ ឆ្លើយតបនឹងបញ្ហាដ៏ធ្ងន់ធ្ងរនេះ វិធានការបន្ទាន់ដែលត្រូវយកចិត្តទុកដាក់អនុវត្តមាន៤គឺ :
(១).យុទ្ធនាការទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលពូជដំឡូង មីដែលមានជំងឺជាលក្ខណៈអន្តរជាតិដោយសហការជាមួយបណ្តាប្រទេសជិតខាង
(២). ប្រើប្រាស់ពូជគ្មានផ្ទុកជំងឺនិងពូជដែលធន់នឹងជំងឺ
(៣). ដុតបំផ្លាញដើមដំឡូងមីដែលកើតជំងឺនៅក្នុងចម្ការ
(៤).កម្ចាត់ភ្នាក់ងារចម្លងជំងឺគឺសត្វរុយ ស។
ចុងបញ្ចប់ ឯកឧត្តមប្រតិភូ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជា ពិសេសប្រជាកសិករ ត្រូវប្ដេជ្ញាចិត្តលុប បំបាត់ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមីនេះជាបណ្ដើរៗ ដើម្បីឈានទៅលុបបំបាត់ជំងឺនេះឱ្យបានទាំងស្រុងក្នុងរយៈពេលពីរឬបីឆ្នាំបន្ទាប់។
ជាមួយគ្នានោះ ឯកឧត្តម បានណែនាំកសិករចេះរក្សាទុកពូជដោយខ្លួនឯង ក្នុងដីចម្ការខ្លួនឯងក្នុងរង្វង់១០%នៃផ្ទៃដីដាំ ដុះ ព្រោះវាធ្វើឲ្យយើងរក្សាទុកបាននូវពូជល្អ មិនមានផ្ទុកជំងឺ និងកាត់បន្ថយចំណាយទិញពូជដែលមិនមានប្រវត្តិច្បាស់លាស់ពីគេ ជាពិសេសជៀសវាងជំងឺម៉ូសាអ៉ិកនេះ។