រសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម ការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យកសិ ឧស្សាហកម្ម និងការិយាល័យកសិកម្មស្រុកមេមត់ ចុះពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃស្វាយចន្ទីរបស់សហគ្រាសកែច្នៃក្រាប់ស្វាយចន្ទីឈ្មោះ" វិថី ខេមបូឌា (ឃែស៊ូណាត់) ឯ.ក" ស្ថិតនៅភូមិទ្រៀក ឃុំទ្រៀក ស្រុកមេមត់ ដែលបានចាប់ផ្តើមដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីរចាប់ពីខែឧសភា ឆ្នាំ២០១៨ សម្រាប់ធ្វើការនាំចេញទៅប្រទេស អារ៉ាប៊ី សាអ៊ូឌី ស៊ីរី និង ម៉ូរូកូ ជាផលិតផលសម្រេចតែម្តង។ សហគ្រាសមានសមត្ថភាពកែច្នៃ គ្រាប់ស្វាយចន្ទីស្រស់ ប្រមាណ ៧០០តោន ក្នុងមួយឆ្នាំ។ សហគ្រាសគ្រោងពង្រីកការការផលិតឲ្យបាន ២ ០០០តោន នៅឆ្នាំក្រោយ។ ក្នុងរយៈពេល ៦ខែមកនេះ សហគ្រាសផលិតគ្រាប់ស្វាយចន្ទីនិងវេចខ្ចប់នាំចេញបានប្រមាណ ១០០តោនហើយ។ គ្រាប់ស្វាយចន្ទី ដែលសហគ្រាសបានកែច្នៃ យកមកពីចម្ការផ្ទាល់ខ្លួនរបស់សហគ្រាសនិងទិញបន្ថែមពីកសិករដែលនាំយកមកលក់ផ្ទាល់ដល់សហគ្រាសនិងតាមរយៈឈ្មួញកណ្តាល។
ក្នុងការជួបពិភាក្សាគ្នានេះ លោកប្រធានមន្ទីរ បានលើកឡើងនូវ យន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញជាយន្តការក្នុងការជំរុញពាណិជ្ជូបនីយកម្មកសិកម្ម ធានាបាននូវនិរន្តរភាពទីផ្សារ តម្លៃ ព្រមទាំងធានាបរិមាណកសិផលមានស្តង់ដារជាក់លាក់តាមការតម្រង់ទិសបច្ចេកទេសនិងស្តង់ដារពីវិស័យឯកជន ជាពិសេសការផ្សារភ្ជាប់រវាងសហគ្រិននិងក្រុមកសិករ ឬសហគមន៍កសិកម្មដែលដាំដំណាំស្វាយចន្ទី ដោយមានភាគីរដ្ឋជាអ្នកជួយសម្របសម្រួល។
លោក ម៉េង ត្រាយ ម្ចាស់សហគ្រាស មានការចាប់អារម្មណ៍ និងរីករាយទទួលទិញពីសហគមន៍តាមរយៈ ផលិតកម្មកសិកម្មតាមកិច្ចសន្យា នេះ បើភាគីទាំង២ បានយល់ចិត្តគ្នានិងស្ម័គ្រចិត្តដើរលើផ្លូវជាមួយគ្នា។