ការប្រើប្រាស់ពូជស្រូវដែលទទួលបានទិន្នផលខ្ពស់ហើយឆ្លើយតបទៅតម្រូវការទីផ្សារគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ កសិករ ដើម្បីទទួលបានតម្លៃល្អប្រសើរ
ព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមទិវាស្រែបង្ហាញ "ការប្រើប្រាស់ពូជនិងជីលើផលិតកម្មកសិកម្មដំណាំស្រូវ (ពូជសែន ក្រអូប)" នៅភូមិជ័យសោភ័ណ្ឌ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា លោកមេឃុំព្រះធាតុ មន្រី្តជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងប្រជាកសិករសរុប ៥៩នាក់ ( ស្រី ១៨នាក់)។
បន្ទាប់ពីការបង្ហាញលទ្ធផលជាវិជ្ជមាននៃការធ្វើបង្ហាញ
លោកប្រធានមន្ទីរ បានផ្តល់នូវការតម្រង់ទិសមួយចំនួនដូចខាងក្រោម ៖
១.កសិករត្រូវប្រើប្រាស់ពូជស្រូវ ដែលជាតម្រូវការទីផ្សារ ធន់នឹងជំងឺ ការប្រែប្រួលអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ដូចជាពូជស្រូវសែនក្រអូប ផ្ការំដួល ខា១៥ ជាដើម
២.កសិករ ត្រូវអនុវត្តបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវដូចជាការរៀបដីឲ្យបានស្មើល្អ ប្រើឧបករណ៍ដាំគ្រាប់ ដែលចំណេញទាំងបរិមាណពូជ ពេលវេលា ព្រមទាំងងាយស្រួលក្នុងការថែ ទាំ កម្ចាត់ស្មៅចង្រៃក្នុងស្រែ
៣.កសិករ ត្រូវអនុវត្តការដាក់ជីបំប៉នតាមបទដ្ឋានបច្ចេកទេសដែលមន្ត្រីជំនាញផ្តល់ជូន
៤.កសិករ ត្រូវទាក់ទងមកអាជ្ញាធរដែនដី ក៏ដូចជាមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជួយអន្តរាគមន៍ ទាំងបច្ចេកទេសនិងការជួយសម្របសម្រួលទីផ្សារកសិផល
៥.កសិករត្រូវចងក្រងជាក្រុម ឬ សហគមន៍កសិកម្ម ដើម្បីងាយស្រួលក្នុងការប្រមូលផ្តុំផលិតផលនិងផលិតបាននូវកសិផលស្តង់ដារណាមួយជាក់លាក់ ស្របតាមតម្រូវការរបស់អ្នកបញ្ជាទិញចុងក្រោយ និងមានអំណាចចចារតម្លៃនៅលើទីផ្សារ។
៦.កសិករ ត្រូវផ្តើមគិតពីការផលិតពូជស្រូវដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ក្នុងមូលដ្ឋានខ្លួនឯង ឬ សហគមន៍ ផ្ទាល់។