មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ០៤ ធ្នូ ២០១៨
155

សហគមន៍កសិកម្ម ជានីតិបុគ្គលឯក ជនមានលក្ខណៈជាសហគ្រាសសេដ្ឋកិចកសិកម្ម្ច ដែលជាដៃគូពាណិជ្ជកម្ម ធានាបាននិរន្តរភាពទីផ្សារ និងបង្កើនចំណូលគ្រួសារកសិករ

នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមផងដែរពីសំណាក់លោកអភិបាលស្រុកពញាក្រែក លោកមេឃុំកក់ និងប្រជាពលរដ្ឋដែលស្ម័គ្រ​ចិត្តចូលរួមបង្កើតសហគមន៍កសិកម្ម សរុប ៥៨នាក់ ក្រោមការជួយសម្រប​សម្រួលរៀបចំរបស់មន្ត្រីជំនាញការិ​យា​ល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក។

មហាសន្និបាតកំណើតដំបូង បាន​សម្រេច ៖ 
១-អនុម័តផ្តល់សុពលភាពសមាជិកសហគមន៍កសិកម្ម ចំនួន ១១០នាក់ ដោយសម្លេងគាំទ្រ ៥៨លើ៥៨ 
២-អនុម័តលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិកម្មសាមគ្គី កក់ ដោយសម្លេងគាំទ្រ ៥៨លើ៥៨
៣-បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម(ថ្នាក់ដឹកនាំសហគមន៍) ៧រូប 
៤-បោះឆ្នោតជ្រើសរើសគណៈកម្មការត្រួតពិនិត្យសហគមន៍កសិកម្ម ៣រួប។

ឆ្លើយតបនឹងលទ្ធផលនៃមហាសន្និបាតកំណើតដំបូង លោកប្រធានមន្ទីរ បានផ្តល់នូវអនុសាស​ន៍មួយចំនួនដូចតទៅ ៖ 
១-ចំពោះថ្នាក់ដឹកនាំសហគមន៍ដែលទទួលបានសេចក្តីទុកចិត្តពីមហា​សន្និបាត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ប្រឹងប្រែងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង បម្រើសមាជិកដោយតម្លាភាព គណនេយ្យភាពនិងចូលរួមរៀនសូត្របន្ថែមតាមការផ្តល់ជូនពីអ្នកពាក់ព័ន្ធនានា។ 
២-ចំពោះសមាជិក ត្រូវតែចូលរួមជាវភាគហ៊ុនឲ្យបានច្រើន គាំទ្រ ជំរុញ តាម​ដាន តម្រង់ទិសថ្នាក់ដឹកនាំសហគមន៍ឲ្យបំពេញការងារស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង។ 
៣-ត្រូវរៀបចំក្រុមផលិតកម្ម ក្រុមផ្តល់សេវាកម្មច្បាស់លាស់ និងជំរុញផលិត​កម្មដែលមានផែនការ មានស្តង់ដារកសិផល ឆ្លើយតបតម្រូវការទីផ្សារជាក់លាក់។ 
៤-រៀបចំខ្លួនឲ្យក្លាយជា កសិ ពាណិជ្ជករ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មជា​មួយអ្នកបញ្ចាទិញតាមរយៈ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ។ 
៥-ត្រូវមានទំនាក់ទំនងល្អជាមួយអង្គ​ភាពរដ្ឋ អង្គការ សមាគម សហគមន៍ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីគៀងគររកជំនួយទាំងចំណេះដឹង សម្ភារៈ និងថវិកា មកអភិវឌ្ឍសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter