ពូជស្រូវខា១៥ ត្រូវទទួលស្គាល់ទាំងការដាំដុះ និងរសជាតិ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសហការជាមួយនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានការគាំទ្រពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(CAVAC) បានរៀបចំទិវាស្រែបង្ហាញពូជស្រូវខា១៥ ក្រោមអធិបតីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោកអនុប្រធាននាយកដ្ឋាន ដំណាំស្រូវ និងមានការចូលរួមពីប្រធាន អនុប្រធានការិ.និងមន្ត្រីនាយក ដ្ឋានដំណាំស្រូវ មន្ត្រីមន្ទីរ ការិ.កសិកម្មស្រុក តំណាងកម្មវិធីCAVAC ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មួញប្រមូលទិញស្រូវ លោកមេឃុំ មេភូមិ សហគមន៍កសិកម្មផលិតគ្រាប់ពូជ ផលិតស្រូវចំណី និងប្រជាកសិករ សរុប ១៣៥នាក់ (ស្រី៥២នាក់)។
ការរៀបចំទិវាស្រែនេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលក្ខណៈល្អនៃពូជស្រូវខា15 និងជំរុញការប្រើប្រាស់ ដល់ប្រជាកសិករ ក្រុមផលិតគ្រាប់ពូជ សហគមន៍កសិកម្ម និងផ្សព្វផ្សាយដល់អ្នកប្រមូលទិញស្រូវ ម្ចាស់រោងម៉ាស៊ីន និងអ្នកពាក់ព័ន្ធសំខាន់ៗដែលទាក់ទងនឹងខ្សែច្រវ៉ាក់តម្លៃផលិតកម្មស្រូវ។
ក្នុងឱកាសនោះដែរ គណៈអធិបតី បានផ្តល់ជាអនុសាសន៍តម្រង់ទិសមួយចំនួនដូចជា៖ -ការធ្វើស្រែដែលអនុវត្តតាមគោលការណ៍បច្ចេកទេស ដូចជា ការៀបចំដីបានស្មើល្អ គ្រាប់ពូជសុទ្ធ ការព្រោះតាមបច្ចេកទេស ប្រើប្រាស់ឧបករណ៍អូសដាំគ្រាប់(Drum Seeder) ការប្រើប្រាស់ជីបំប៉នត្រឹមត្រូវ ការតាមដានថែទាំបានជាប្រចាំការគ្រប់គ្រងសមាសភាពចង្រៃនិងប្រមូលផលតាមបច្ចេកទេស -ការផលិតស្រូវដោយចងក្រងជាក្រុមឬសហគមន៍ ដោយមានកិច្ចសន្យាផលិតកម្ម ដើម្បីមានផែនការផលិតត្រឹមត្រូវ កសិផលមានស្តហដារ និងនិរន្តរភាពទីផ្សារ -ដៃគូអភិវឌ្ឍន៍នានា អ្នកប្រមូលទិញ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សហគមន៍កសិកម្ម ឬក្រុមផលិតគ្រាប់ពូជស្រូវ និងប្រជាកសិករចូលរួមទាំងអស់គា្ន ជួយជំរុញនិងផ្សព្វផ្សាយពូជស្រូវខា១៥នេះ ដោយបង្កើនការផលិតឱ្យបានបរិមាណច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផងនិងសម្រាប់ការនាំចេញអង្ករទៅលក់នៅទីផ្សារក្រៅប្រទេសផង។
-សហគមន៍កសិកម្ម ឬ ក្រុមកសិករ ត្រូវពិចារណាលើការផលិតពូជស្រូវដោយខ្លួន ឯង ដើម្បីកាត់បន្ថយការទិញពូជពីក្រៅ ដែលត្រូវចំណាយច្រើន និងរក្សាភាពសុទ្ធនៃពូជខ្ពស់។
សូមជម្រាបជូនថាពូជខា15 សិក្សាស្រាវជ្រាវបង្កាត់ដោយអ្នកស្រាវជ្រាវដំណាំស្រូវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្ម។ ខា15 ជាពូជស្រូវស្រាល មិនប្រកាន់រដូវ ធន់នឹងការប្រែប្រួលអាកាសធាតុ សត្វល្អិត ដើមឈរត្រង់ល្អ អង្ករ បាយទន់ មិនស្អិត រសជាតិឆ្ងាញ់។ តាមការស្ទង់ទិន្នផលស្រូវបង្ហាញនេះ ទទួលបានទិន្នផល 5,4តោន/ហិកតា(ស្រូវសើម)។
កម្មវិធីទិវាស្រែធ្វើនៅភូមិទួលថ្មី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃសុក្រ 8រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស 2562។