ចុះពិនិត្យស្ថានភាពនៃការប្រមូលទិញ ការលក់ដូរជ័រកៅស៊ូ នៅភូមិសាស្ត្រឃុំមេមងនិងឃុំកំពាន់ ស្រុកមេមត់
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០១៨
133

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការីបាន អមដំណើរឯកឧត្តម គុយ ម៉ារិនឌី អនុរដ្ឋលេខាធិការក្រសួងកសក និងក្រុមការងារ បានចុះពិនិត្យស្ថានភាពនៃការប្រមូលទិញ ការលក់ដូរជ័រកៅស៊ូ នៅភូមិសាស្ត្រឃុំមេមងនិងឃុំកំពាន់ ស្រុកមេមត់ ដោយជួបអ្នកប្រមូលទិញចំនួន ២ទីតាំង និងជួប ប្រជុំពិភាក្សាជាមួយសហគមន៍កសិកម្មកៅស៊ូគ្រួសារ ម្ចាស់សិប្បកម្មកែច្នៃជ័រ​កៅស៊ូ ទទួលបានលទ្ធផលមួយចំនួនដូចខាងក្រោម ៖
-តម្លៃជ័រកក លក់ទៅឲ្យឈ្មួញកណ្តាលបានតម្លៃ ១៦៥០៛/គ.ក្រ ទៅ ១៧០០៛/គ.ក្រ 
-ការលក់ ទិញ ឆ្លងកាត់ឈ្មួញកណ្តាល ២ទៅ៣ ដំណាក់ ដែលជាកត្តាធ្វើឲ្យតម្លៃជ័ររបស់កសិករផ្ទាល់ត្រូវបាត់បង់ច្រើន 
-ឈ្មួញកណ្តាលទិញជ័រកក ដែលកសិករងាយដឹកជញ្ជូនមកលក់ ហើយនៅក្បែរទីតាំងចម្ការ នៅពេលដែលរោងសិប្បកម្មកែច្នៃ ទិញតែជ័រទឹក កសិករលំបាកដឹកមកលក់ ហើយទីតាំងភាគច្រើននៅឆ្ងាយពីចម្ការ ដែលជាហេតុនាំឲ្យកសិករលក់ជាជ័រកកច្រើនជាង 
-ម្ចាស់សិប្បកម្ម បានលើកឡើងបញ្ហាប្រឈមផ្សេងទៀត ដូចជា ថ្លៃអគ្គិសនី ទឹក កម្លាំងពលកម្ម ដឹកជញ្ជូន ពន្ធលើការនាំចញ ជាឧបសគ្គដល់ខ្សែច្រវ៉ាក់ផលិតកម្មដែលត្រូវចំណាយលើថ្លៃដើមខ្ពស់ 
-សហគមន៍កសិកម្ម មិនទាន់រឹងមាំ ជាពិសេសការលក់បែបប្រមូលផ្តុំ លក់បែប "ផលិតកម្មកសិកម្មតាមកិច្ចសន្យា" ។ ឆ្លើយតបករណីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទឹកចិត្តនិងណែនាំឲ្យសហគមន៍កសិកម្ម ពង្រឹងសមត្ថភាពនិងការគ្រប់ គ្រងរបស់ខ្លួននិងទាក់ទងគ្នាជាប្រចាំជាមួយសិប្ប កម្មឲ្យមានការយល់ចិត្តថ្លើមគ្នា និងរកស៊ីជាមួយគ្នាក្នុងទម្រង់ ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលជួយបង្កើនតម្លៃជ័រកៅស៊ូរបស់កសិករផលិតផ្ទាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter