រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានអញ្ជើញចុះពិនិត្យសហគ្រាសកែច្នៃផលិត ផលស្វាយ របស់ក្រុមហ៊ុន LBN Agriculture មានទីតាំង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានចាប់ដំណើរការកាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងទុន វិនិយោគប្រមាណជាង ២លានដុល្លារ ហើយមានសមត្ថភាពកែច្នៃផ្លែស្វាយជាផលិតផលស្វាយស្ងួតបានចំនួន ៣០០តោនក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ប្រទេសចិន ហើយមានគម្រោងបង្កើនឲ្យបាន ៦០០តោនក្នុងមួយខែនាឆ្នាំខាងមុខ។ ជាមធ្យមក្នុង ១ថ្ងៃ ក្រុមហ៊ុន ប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករស្ថិតក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ប្រមាណពី ៦០-១០០តោន ក្នុងមួយថ្ងៃ ក្នុងតម្លៃ ១ ២០០-១ ៦០០រៀល។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែក រកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយដើម្បីនាំចេញ ដែលសកម្មភាពនេះគឺ ពិតជាបានរួម ចំណែកដោះស្រាយបញ្ហាទីផ្សារស្វាយ បង្កើនប្រាក់ ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្ទាល់ ៦០០-៦៥០នាក់ កាត់បន្ថយ ការធ្វើចំណាក ស្រុកនិងភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទស្សន កិច្ចនាពេលនេះ គឺចង់បង្ហាញពីឱកាសដល់កសិករ ក្នុងការចូល រួមដាំស្វាយកែវរមៀត សម្រាប់វិនិយោ គិនធ្វើការកែច្នៃ ដើម្បីនាំចេញជាផលិតផលសម្រេច ដោយត្រូវ អនុវត្តកសិកម្ម តាមកិច្ចសន្យា និងជា ពិសេសគឺលើកទឹកចិត្តនិងគាំទ្រដល់វិស័យឯកជនដែល ត្រូវរួមគ្នាជាមួយរដ្ឋ (រដ្ឋ-វិស័យឯកជន) ក្នុងការជំរុញនិងនាំយកផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានសាទរចំពោះព័ត៌មានដែលថា បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងធ្វើការចរចាជាមួយក្រុមហ៊ុន អូស្រ្តាលី ដើម្បីកែច្នៃស្វាយចន្ទីរ ហើយនាំ ចេញនាពេលខាងមុខ។