ថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២
ត្រូវនឹងថ្ងៃទី០៩ ខែវិចិ្ឆកា ២០១៨ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំរួម ជាមួយ ក្រុមការងារយុវជនស្រុកត្បូងឃ្មុំ យុវជនឃុំអញ្ជើញ ភូមិព្រែកកំពែង រួមជាមួយអាជ្ញាធរមូលដ្ឋាន សរុបចំនួនប្រមាណជាង៣០រូប បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលខ្វះខាតកំលាំងពលកម្មនៅភូមិ ព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បន្ថែមពីនេះ ឯកឧត្តម ហាក់ សុខមករា និងក្រុមការងារក៏បានបន្តចែកគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិ ឃុំខាងលើ ចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងទីទាល់ក្រ នៅក្នុងមូលដ្ឋាននោះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៅកាន់ប្រជាកសិករថា នេះជាកម្លាំងសាមគ្គីមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាធំ ហើយតាមបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ឯកឧត្តម ហាក់ សុខមករា បានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ដែលជាអ្នកបម្រើរាស្រ្ត ឯកឧត្តមតែងតែជួយដោះស្រាយរាល់កង្វល់ និងសំណូមពររបស់រាស្រ្តនៅគ្រប់ទីកន្លែង។