ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨
លោក ស៊ុន សារ៉ាត់ អនុប្រថានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃដំណើរការគ្រប់គ្រងផ្ទៃដីនិងកំណត់នីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិអចលនវត្ថុុ នៅទីស្នាក់ការក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដឹកនាំដោយឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពីលោកអភិបាលស្រុកមេមត់ លោកអគ្គនាយក អគ្គនាយករង និងសហការីក្រុមហ៊ុន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.របាយការណ៍របស់លោកអគ្គនាយកក្រុមហ៊ុនពីផ្ទៃដីដែលក្រុមហ៊ុនបានកំពុងគ្រប់គ្រងគ្រប់ប្រភេទមានចំនួន ៩,២០៥.៥៦៤៦ហិកតា ហើយដំណើការនៃការចុះបញ្ជីកន្លងមកបានចំនួន៥២ក្បាលដី មានផ្ទៃដីសរុបចំនួន ៨,៧៣២.០២ហិកតា ផ្ទៃដីនៅសល់គឺដីដែលមានទំនាស់ ដែលមានការចូលទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ។
២.ក្រោយពីប្រជុំពិភាក្សារួចមក ឯកឧត្ដម ប៉ុលសុផា បានមានប្រសាសន៍ណែនាំដល់អង្គប្រជុំ ជាពិសេសភាគីក្រុមហ៊ុនផ្ទាល់ដូចខាងក្រោម៖
- ត្រូវបន្តនិងជំរុញការដោះស្រាយដីដែលមានទំនាស់ជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូូវមានការសហការឱ្យបានរឹងមាំជាមួយក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ និងអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួល និងដោះស្រាយការងារឱ្យមានប្រសិទ្ធភាព
- នៅពេលដែលមានការចូលទន្ទ្រានពីប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវធ្វើការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ជាសវាងការកើតមានឡើងនូវបាតុភាពកាន់ធំនិងធ្ងន់ធ្ងរទៅ
- ចំពោះផ្ទៃដីដែលនៅសល់ និងមិនទាន់បានចុះបញ្ជី ត្រូវជំរុញការស្នើសុំចុះបញ្ជីឱ្យបានរួចរាល់
- ចំពោះដីស្ថានីយនៅភូមិម៉ាស៊ីនទឹក សូមក្រុមហ៊ុន សហការជាមួយអាជ្ញាធរស្រុក ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញឱ្យមានការឯកភាពគ្នា និងចុះបញ្ជីប្រគល់ជូនក្រុមហ៊ុន។