នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨
ចេញ​ផ្សាយ ២៦ កញ្ញា ២០១៨
94

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា        ឆ្នាំ ២០១៨  ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក និងភាពជាដៃគូដំណាំដំឡូងមីសកលសម្រាប់សតវត្សទី២១ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការចូលរួមពីអ្នកជំនាញថ្នាក់ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាអង្គការ DFAT, ACIAR, FAO, IFAD, JICA, EU, UNDP, IFC, និង GIZ។
       នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា ដំណាំដំឡូងមីគឺជាដំណាំអាទិភាពមួយរបស់ប្រទេសកម្ពុជាដែលបាននិងកំពុងបំពេញតួនាទីជាស្បៀងរបស់កសិករ ជាវត្ថុធាតុដើមបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ឆ្នាំ២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហត និងទទួលបានទិន្នផលជាង ១៣,៨លានតោន។ ដោយសារសក្តានុពលនៃផលិតកម្មនេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមីទាំងជាទម្រង់វត្ថុធាតុដើមនិងផលិតផលសម្រេចដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ផលិតផលដំឡូងមីជាង ៣,៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៧កន្លងទៅ។ ប្រាកដណាស់ថា ដើម្បីធ្វើការអភិវឌ្ឍផលិតកម្មនេះ ត្រូវការទាមទារអនុវត្តបច្ចេកទេសដាំដុះ វិទ្យាសាស្រ្តស្រាវជ្រាវនិងផ្សព្វផ្សាយ បង្កើនប្រសិទ្ធភាពស្តង់ដារផលិតដោយត្រូវអនុវត្តតាមគោលការណ៍ការអនុវត្តផលិតល្អ (Good Manufacturing Practices, GMP) ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ហើយនេះគឺជាគោលនយោបាយថ្នាក់ជាតិដែលកំពុងរៀបចំនឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ 
       ការលេចឡើងនូវជំងឺម៉ូសាអ៊ិកដ៏គ្រោះថ្នាក់លើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយអាចឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌានិងស្រីលង្កា និងជាលើកដំបូងនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាមនិងកម្ពុជាដែលបាននិងកំពុងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឲ្យមានការសិក្សានិងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់ការរាលឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីទាំងមូលរួមគ្នាពិនិត្យ ពិចារណារួចដាក់ចេញផែនការសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ ដីនិងគុណភាពដី ពូជនិងការបង្កាត់ពូជដែលទាមទារឲ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាកជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់និងកម្រិតពិភពលោក។ មានមតិផ្តាំផ្ញើជូនអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្រ្តស្រាវជ្រាវយកទៅពិចារណាដើម្បីស្វែករកគន្លឹះដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ ដែលអនុសាសន៍ទាំងនោះរួមមាន៖
      ១-រួមគ្នាសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពជំងឺ លក្ខណៈនៃការរាលឆ្លង និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយទៅតំបន់មួយ។ ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។ 
      ២-គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ការចរាចរពូជពីតំបន់មានផ្ទុះជំងឺ ទៅតំបន់គ្មានជំងឺ ពិសេសនៅតាមបណ្តោយព្រំដែន។
      ៣-បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាលខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការនាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។
      ៤-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងដំណោះស្រាយរវាងប្រទេសក្នុងតំបន់។
      ៥-បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិត ឲ្យបានទូលំទូលាយ និងស្នើសុំការសហការពីពួកគាត់ក្នុងករណីមានផ្ទុះជំងឺនេះឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter